ភ្នំពេញ៖ ខ្សែភាពយន្តខា្នតធំបែបស្នេហាភេទដូចគ្នា ឬសរីរាង្គរឿងបែបBL របស់ផលិតកម្ម LD Picture នោះគឺរឿង“សួស្តីអ្នកជិតខាង”បានប្រកាសចាក់បញ្ចាំងជាផ្លូវការហើយ។ នៅថ្ងៃចាក់បញ្ចាំងកាលពីថ្ងៃទី២២ ខែសីហានេាះគេសង្កេតឃើញមានវត្តមានតារាប្រុសស្រីល្បីៗយ៉ាងច្រើនបានបង្ហាញវត្តមាននៅខាងមុខរោងភាពយន្តMajor Ceniplex នាផ្សារទំនើបអុីអនម៉ល ។ ស្នាដៃថ្មីដំបូងបែបស្នេហាភេទដូចគ្នានេះត្រូវបានសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើន ហើយអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងនោះគឺការសម្តែងឈុតឆាកស្នេហារួមគ្នារវាងលោកវុធ ថុង នឹងលោក នូ ឧសភា តែម្តង ដែលសូម្បីតែការសម្តែងនៅលើឆាកមុនពេលចាក់បញ្ចាំងក៏បានធ្វើឱ្យអ្នកចូលរួមហ៊ោកញ្ជ្រៀវកងរំពងដែរ។ ទោះជាយ៉ាងណាឈុតឆាកស្នេហាស៊ីជម្រៅរវាងអ្នកទាំងពីរដែលត្រូវបានបង្ហាញជាលើកដំបូងនេះបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍និងពេញចិត្តយ៉ាងខ្លាំង រហូតអ្នកទាំងពីរថ្លែងពីអារម្មណ៍របស់ខ្លួនជុំវិញការថតភាពយន្តនេះ។
លោក វុធ ថុង បានលើកឡើងថា ជាខ្សែភាពយន្តខ្នាតធំលើកដំបូងដែលលោកបានចូលរួមសម្តែងក្នុងនាមជាតួសម្តែងបែបស្នេហាភេទដូចគ្នា និងមានឈុតឆាកប៉ះសាច់គ្នាឱបថើបគ្នាជាដើម។ លោកថាដំបូងឡើយគឺពិតជាអៀនខ្មាសនឹងគ្នាខ្លាំងណាស់ ព្រោះការសម្តែងមិនស៊ីចង្វាក់គ្នាប៉ុន្តែក្រោយពីមានទំនាក់ទំនងនៅជិតគ្នាច្រើនទើបអាចសម្តែងបាន ហើយលោករំពឹងថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ លោកក៏រំពឹងដែរថា ខ្សែភាពយន្តនេះនឹងកាន់តែធ្វើឱ្យមានការកាត់បន្ថយកាន់តែច្រើនលើការរើសអើងមើលងាយអ្នកស្រលាញ់ភេទដូចគ្នា មិនថាមនុស្សប្រុស និងមនុស្សប្រុស ឬមនុស្សស្រីនិងមនុស្សស្រីទេ។
តួឯកប្រុសលោក នូ ឧសភា ដែលចាប់ផ្តើមសម្តែងបែបរសជាតិថ្មីនេះក៏បានលើកឡើងដែរថា លោកពិតជារីករាយណាស់ដែលបានសម្តែងក្នុងរឿងនេះ ព្រោះជារសជាតិថ្មីសម្រាប់លោក ហើយលោកនៅតែបន្តចង់ថតប្រសិនបើផលិតកម្មផ្សេងៗចង់ឱ្យលោកសម្តែងក្នុងខ្សែភាពយន្តបែបនេះ ហើយលោកក៏មិនមានការបារម្ភដែរដែលការចេញថតភាពយន្តបែបនេះ ព្រោះត្រឹមតែជាការសម្តែង មិនមានអ្វីត្រូវលាក់បាំងឬខ្លាចនោះទេប្រសិនបើមនុស្សម្នាក់ស្រលាញ់ភេទដូចគ្នា ព្រោះបច្ចុប្បន្នសង្គមចាប់ផ្តើមយល់ដឹងច្រើន និងបានកាត់បន្ថយការរើសអើងលើអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។ លោករំពឹងថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕
ដោយ ៖ វឌ្ឍនា