ខេត្តព្រៃវែង ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃអង្គារ ១១ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ នៅសាលប្រជុំសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ។
ក្នុងពិធីសំណេះសំណាលនោះ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសព័ន្ធយុវជនកម្ពុជា អស់លោក លោកស្រី សមាជិក សមាជិកា ស ស យ ក ប្រចាំសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សរុបប្រមាណ៨០០នាក់ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ដឹកនាំដោយលោក ស សុខា និងគណៈចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនពោរពេញដោយឆន្ទៈ ទឹកចិត្តហ៊ានលះបង់ពេលវេលា និងកម្លាំងកាយ ដើម្បីសុខដុមរមនា និងឧត្តមភាពជានិរន្តរ៍នៃសង្គមកម្ពុជា។
ក្នុងជំនួបនេះ លោក ហ៊ុន ម៉ានី បានបង្ហាញនូវសេចក្តីរីករាយ និងភាពជឿជាក់ខ្ពស់ចំពោះប្អូនៗយុវជន ដែលបានសួរសំណួរជាច្រើន ហើយនេះបញ្ជាក់ថា ប្អូនៗ ជាធនធានមនុស្សប្រកបដោយសមត្ថភាព និងសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ជាតិរបស់យើងទៅថ្ងៃអនាគត ដើម្បីភាពជោគជ័យ ជាពិសេស កម្លាំងមហាសាមគ្គីក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕
ដោយ៖សហការី