ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន​ នារីសោភ័គ​ បានដឹកនាំគណៈប្រតិភូអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ស៊ុន ចាន់ថុល

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២នេះ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១ កាកបាទក្រហមកម្ពុជា​ បានដឹកនាំគណៈប្រតិភូអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាពកាលពី ថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ ទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៦ម៉០០ល្ងាច ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ​ លោកស្រីអគ្គលេខាធិការរងទី១​ បានប្រគល់ជូន​ ឯកឧត្តម ទេសរដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ នូវសារលិខិតរំលែកមរណទុក្ខរបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុុជា​ ដែលក្នុងសារលិខិតនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានចាត់ទុកថា​ «មរណភាព របស់ មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ខេរ៉ូ ស៊ុនស្រេង គឺជាការបាត់ បង់ ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ដែលពេញក្នុងមួយជីវិត របស់មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ តែងតែប្រកាន់ខ្ជាប់នូវ សីលធម៌ គុណធម៌ដ៏ល្អប្រពៃ តស៊ូប្រឹង ប្រែងចិញ្ចឹមបីបាច់ថែរក្សា អប់រំ ផ្តល់ដំបូន្មានល្អៗ ដល់កូន ចៅ និងក្រុមគ្រួសារ រហូតក្លាយជាបញ្ញាវ័ន្ត ជាឥស្សរជនជាន់ខ្ពស់ ដែលជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ លើសពីនេះទៅទៀត មហាវិរិយាភិរ័ក្ខសិរី បានរួមចំណែកកសាងសមិទ្ធផលនានាជាច្រើន ជាពិសេស ក្នុងការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា»។ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធមហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ខេរ៉ូ ស៊ុនស្រេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សហការី


ចែករំលែក៖