ព័ត៌មានទាន់ហេតុការណ៍៖

វត្តមានសត្វត្រយងចង្កំកសសរុបចំនួន ៣៣០ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ១៧ កន្លែងនៃដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថាននៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានលើកមកបញ្ជាក់ថា, ក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF ព្រមទាំងមានការចូលរួមពីសហគមន៍មូលដ្ឋាន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានកត់ត្រាទុកវត្តមានសត្វត្រយងចង្កំកសសរុបចំនួន ៣៣០ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ១៧ កន្លែងនៃដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ ខណៈក្រុមស្រាវជ្រាវបានបន្តចុះតាមដានដើម្បីរាប់ចំនួនសត្វស្លាបនេះសម្រាប់ការធ្វើជំរឿនថ្នាក់ជាតិ។ លទ្ធផលនេះ គឺជាការរាប់សត្វត្រយងចង្កំកសមានចំនួនច្រើនជាងគេបំផុក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះនៅតំបន់មេគង្គ។ ដោយឡែក នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតក្រុមស្រាវជ្រាវបានកត់ត្រាសត្វត្រយងចង្កំកសចំនួន ៧ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ២២កន្លែងផងដែរ។

ក្រសួងបរិស្ថានបន្តថា, សត្វត្រយងចង្កំកសត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។​ ការតាមដាន និងរាប់ដើម្បីធ្វើបច្ចុប្បន្ននៃចំនួនសត្វនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីខែកក្កដា ដល់ខែតុលា។ លទ្ធផលដែលទទួលបានពីការរាប់ចំនួនរបស់វានៅតាមដែនជម្រកធម្មជាតិទាំងអស់ ក្នុងនោះមានដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ និងតំបន់ព្រៃទេសភាពភាគខាងកើតផងដែរ នឹងរួមចំណែកដល់ការប៉ាន់ប្រមាណចំនួនសត្វត្រយងចង្កំកសសរុបទូទាំងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២២។ គួរកត់សម្គាល់ផងដែរថាតំបន់ព្រៃលិចទឹកមេគង្គគាំទ្រដល់ការរស់នៅរបស់ហ្វូងសត្វត្រយងចង្កំកសធំជាងគេបង្អស់លំដាប់ទីពីរ ពោលគឺមានចំនួន ២៥២ក្បាល ក្នុងឆ្នាំ២០២១ បន្ទាប់ពីដែនជម្រកសត្វព្រៃសៀមប៉ាង៕

ដោយ ៖ សហការី


ចែករំលែក៖