សមាគមបាល់ទាត់អង់គ្លេស (FA) បានប្រកាសកាលពីថ្ងៃអង្គារ ទី២២សីហាថា អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Thomas Tuchelត្រូវបានចោទប្រកាន់ពីបទ “ប្រព្រឹត្តមិនសមរម្យ” បន្ទាប់ពីមានការអត្ថាធិប្បាយរបស់គាត់លើការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលោក Anthony Taylor ក្នុងការប្រកួតនៅក្របខ័ណ្ឌ Premier League ដែលមិនសប្បាយចិត្តជាមួយនឹងក្រុម Tottenham Hotspur ។
លោក Tuchel បានចោទប្រកាន់អាជ្ញាកណ្តាលលោក Taylor និងជំនួយការអាជ្ញាកណ្តាលលោក Mike Dean ថា បានធ្វើការសម្រេចចិត្តខុស ដែលនៅទីបំផុតបានជួយឲ្យក្រុម Spurs ស្មើជាមួយ Chelsea នៅកីឡដ្ឋាន Stamford Bridge ជាមួយនឹងម្នាក់១ពិន្ទុ ខណៈដែលកំហឹងបានឆាបឆេះ ហើយទាំងគាត់ និងលោក Antonio Conte បានទទួលកាតក្រហម។
អាជ្ញាកណ្តាលលោក Mike Dean បានសារភាពកាលពីសប្តាហ៍មុនថាគាត់មានកំហុសក្នុងការមិនសួរលោក Taylor មើលពីឧប្បត្តិហេតុដែលកីឡាករ Cristian Romero របស់ក្រុម Spurs បានទាញសក់របស់ខ្សែការពារ Chelsea កីឡាករ Marc Cucurella ដែលជាការសម្រេចចិត្តដែលធ្វើឱ្យលោក Tuchel មានការខឹងសម្បារ។
FA បានបន្តថា “ត្រូវបានចោទប្រកាន់ថា ការអត្ថាធិប្បាយរបស់អ្នកចាត់ការទូទៅនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់គាត់គឺជាអាកប្បកិរិយាមិនសមរម្យ ពួកគេបង្ហាញពីភាពលម្អៀង និងចោទសួរពីភាពត្រឹមត្រូវរបស់អាជ្ញាកណ្តាលនៃការប្រកួត ឬធ្វើឱ្យការប្រកួតមានភាពមិនសមរម្យ”។
FA បានបន្ថែមថា លោក Tuchel មានពេលរហូតដល់ថ្ងៃព្រហស្បតិ៍ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់នេះ។ លោក Tuchel បានទទួលការពិន័យព្យួរលើបណ្តាញទំនាក់ទំនង និងពិន័យជាប្រាក់ចំនួន៣៥,០០០ផោន ឬ៤១,១៣២ដុល្លារអាមេរិក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាមួយគ្រូបង្វឹករបស់ក្រុម Spurs លោក Antonio Conte ៕
ដោយ៖ ភារៈ(រូបភាព ៖ Rueters/CNA)