ខេត្តកណ្តាល ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការនគរបាលខេត្តកណ្ដាល បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២៤ ខែសីហា ឆ្នាំ២០២២នេះថា៖កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២១ និង១០នាទី ស្ថិតនៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្តីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ៖ ជនសង្ស័យចំនួន ២នាក់ ១-ឈ្មោះ ផុន នី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។ ២-ឈ្មោះ នួន សុខា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។
ចំណែកជនរងគ្រោះឈ្មោះ នូ សុម៉ារតី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកក្រុមហ៊ុន ។ សម្ភារៈបាត់បង់ ៖ ទូរស័ព្ទដៃម៉ាក IPHONE XS MAX ប្តូរសំបក 13 PRO MAX ០១គ្រឿង ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលូកយកទូរស័ព្ទដៃជនរងគ្រោះខាងលើប្រាកដមែន ។
វត្ថុតាងដកហូតរួមមាន ៖
១-ទូរស័ព្ទ ០១គ្រឿង ម៉ាក IPHONE XS MAX ប្តូរសំបក 13 PRO MAX ពណ៌ខៀវ (របស់ជនរងគ្រោះ)
២-ទូរស័ព្ទ ដៃម៉ាក OPPO ពណ៌ផ្កាឈូក ០១គ្រឿង (របស់ជនសង្ស័យ)
៣-ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JQ-2072 (របស់ជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖សហការី