ឥណ្ឌាបានសម្រេចបណ្តេញមន្ត្រីយោធា៣រូបចេញពីក្របខ័ណ្ឌ ក្រោយពេលបាញ់មីស៊ីល BrahMos ច្រឡំចូលទៅក្នុងទឹកដីប៉ាគីស្ថាន កាលពីខែមីនាឆ្នាំ២០២២។
សារព័ត៌មាន CNNបានដកស្រង់សម្តីមន្ត្រីឥណ្ឌាដែលបានបញ្ជាក់កាលពីថ្ងៃទី២៣ខែសីហាថា កម្លាំងទាហានអាកាសឥណ្ឌាបានសម្រេចបណ្តេញមន្ត្រី៣រូបដែលខ្វះភាពទទួលខុសត្រូវ បានបាញ់មីស៊ីលច្រឡំចូលទៅកាន់ទឹកដីប៉ាគីស្ថាន។
នាពេលកន្លងមក មន្រ្តីជំនាញខាងយោធាបានព្រមានពីហានិភ័យនៃគ្រោះថ្នាក់ ឬការគណនាខុសដោយប្រទេសជិតខាងដែលធ្លាប់បានបង្កជាសង្រ្គាមចំនួនបីលើក និងការប៉ះទង្គិចប្រដាប់អាវុធជាច្រើនសានៅឯតំបន់ជម្លោះកាស្មៀរ (Kashmir)។
នៅក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឥណ្ឌាបានឱ្យដឹងថា តុលាការបានបើកការស៉ើបអង្កេតលើអង្គហេតុនៃសំណុំរឿងនេះ រួមទាំងការវែកញែករកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ ហើយបានរកឃើញថា ដោយសារតែការធ្វេសប្រហែសក្នុងការអនុវត្តនីតិវិធីប្រតិបត្តិតាមស្តង់ដារនៃមន្រ្តី៣នាក់ ទើបនាំឱ្យមានការបាញ់មីស៉ីលដោយចៃដន្យនេះ។ ដូច្នេះរដ្ឋាភិបាលឥណ្ឌា បានសម្រេចបណ្តេញមន្រ្តីទាំង ៣រូបនេះចេញនៅថ្ងៃអង្គារសប្តាហ៍នេះ។
មីស៊ីលBrahMos ជាប្រភេទមីស៉ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយរុស្ស៊ី និងឥណ្ឌា ត្រូវបានបាញ់ដោយចៃដន្យកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលជំរុញឱ្យប៉ាគីស្ថានព្រមាន និងស្វែងរកចម្លើយតបពីទីក្រុងញូវដេលី លើយន្តការសុវត្ថិភាពដើម្បីទប់ស្កាត់កុំឱ្យហេតុការណ៍បែបនេះកើតឡើងជាថ្មី ខណៈមិនមាននរណាម្នាក់រងរបួសនោះទេ៕ ដោយ៖ ធីរីណា
រូបថត ៖ CNN/TTXVN-VNA