ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ុយក្រែនជាបន្ទាន់

ចែករំលែក៖

នៅថ្ងៃទី២៣ខែសីហា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងកៀវ ជាថ្មីម្តងទៀតបានអំពាវនាវដល់ពលរដ្ឋអាមេរិកចាកចេញពីប្រទេសអ៊ុយក្រែនឱ្យបានលឿនបំផុតដែលអាចធ្វើទៅបាន។ សកម្មភាពខាងលើកើតឡើងក្រោយពីមានក្តីបារម្ភស្តីពីសង្គ្រាមទ្រង់ទ្រាយធំកើតឡើងក្នុងទិវាឯករាជ្យរបស់ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ខែសីហា ។
តាមការប្រកាសរបស់ឯកអគ្គរដ្ឋទូតអាមេរិកបញ្ជាក់ថា «ក្រសួងការបរទេសទទួលបានព័ត៌មានថា រុស្ស៊ីនឹងបង្កើនការវាយប្រហារទៅលើទីតាំងសំខាន់ៗរបស់អ៊ុយ
ក្រែនក្នុងពេលដ៏ខ្លីខាងមុខ»។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ពលរដ្ឋអាមេរិកចាកចេញពីអ៊ុយក្រែននៅពេលនេះគឺនៅមានមធ្យោបាយធ្វើដំណើរចេញពីអ៊ុយក្រែនដោយសុវត្ថិភាព។
ប្រជាជនអ៊ុយក្រែននៅថ្ងៃទី២៤ខែសីហានឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី៣១ នៅចំពោះមុខការព្រមានពីការបង្កើនការវាយប្រហារដោយមីស៊ីលពីសំណាក់កងទ័ពរុស្ស៉ី។
ពិធីបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែននៅថ្ងៃពុធ ទី២៤ ខែសីហានេះ គឺធ្វើឡើងចំពេលដែលការឈ្លានពានរបស់រុស្ស៉ីក៏បានឈានចូលដល់ខែទី៦ដែរ បន្ទាប់ពីលោក ពូទីន បញ្ជាឱ្យកងទ័ពរបស់លោកវាយសម្រុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកម្ភៈកន្លងទៅ។ ប៉ុន្តែដោយសារតែការបារម្ភថា រុស្ស៉ីអាចនឹងបង្កើនបាញ់ផ្លោងមីស៊ីល នៅថ្ងៃបុណ្យជាតិដ៏សំខាន់នេះ រដ្ឋាភិបាលលោកប្រធានាធិបតីហ្សេលេនស្គី បានហាមឃាត់ការជួបជុំឬការប្រមូលផ្ដុំគ្នានៅតាមទីសាធារណៈក្នុងរដ្ឋធានីកៀវ និងបានដាក់បម្រាមគោចរក្នុងតំបន់មួយចំនួន នៃទីក្រុងខាកៀវ ខណៈដែលមន្ត្រីរដ្ឋាភិបាលជាច្រើនត្រូវបានបង្គាប់ឱ្យធ្វើការពីផ្ទះ។
លោក ហ្សេលេនស្គី មិនបានបញ្ជាក់លម្អិតថា តើរដ្ឋាភិបាលរបស់លោកនឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិដោយរបៀបណានោះទេ ដោយសារតែហេតុផលសន្តិសុខ ប៉ុន្តែរូបលោកផ្ទាល់ក៏បានព្រមានដែរថានឹងធ្វើការសងសឹកយ៉ាងចាស់ដៃ បើរុស្ស៉ីបង្កើនការវាយប្រហារលើអ៊ុយក្រែន។ អ៊ុយក្រែនបានទទួលឯករាជ្យពីអតីតសហភាពសូវៀត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩១ ហើយបច្ចុប្បន្នទាហានអ៊ុយក្រែនក៏កំពុងប្រយុទ្ធតស៊ូដើម្បីឯករាជ្យដូចគ្នាដែរ៕ ដោយ ៖ ធីរីណា

រូប​ថត​ ៖ TTXVN


ចែករំលែក៖