នៅថ្ងៃទី២៤ខែសីហា មេបញ្ជាការកម្លាំងទាហានអាកាសឥណ្ឌាបានសម្រេចដកតំណែងមន្ត្រីយោធា៣រូបដែលបានបាញ់ច្រឡំមីស៊ីលទៅកាន់ប្រទេសប៉ាគីស្ថាន។ ប៉ុន្តែភាគីប៉ាគីស្ថានមិនព្រមទទួលយកឡើយ។
ក្រសួងការបរទេសប៉ាគីស្ថាន បានប្រកាសថា ប្រទេសនេះបានប្រឆាំងនឹងការបញ្ចប់ហេតុការណ៍ ត្រឹមដកតំណែងមន្ត្រីនោះ។ ភាគីប៉ាគីស្ថានបានស្នើឥណ្ឌាបើកការស្រាវជ្រាវរួម។
កាំជ្រួចមីស៊ីល BrahMos អាចបំពាក់ក្បាលគ្រាប់បរមាណូបាន ត្រូវកម្លាំងទាហានឥណ្ឌាបាញ់ច្រឡំទៅលើទឹកដីប៉ាគីស្ថាននៅថ្ងៃទី ៩ខែសីហា។ រដ្ឋាភិបាលប៉ាគីស្ថានបានស្នើដល់ទីក្រុងញូវដេលី ឆ្លើយនឹងសំណួរពីមូលដ្ឋានសុវត្ថិភាព ដើម្បីទប់ស្កាត់ហេតុការណ៍បែបនេះ។
ក្រសួងការបរទេសប៉ាគីស្ថាន បានលើកឡើងថា «រដ្ឋាភិបាលប៉ាគីស្ថានបានច្រានចោលការដែលឥណ្ឌាសម្រេចបញ្ចប់រឿងនេះដោយឯកតោភាគី បន្ទាប់ពីដកតំណែងមន្ត្រីយោធាបីរូប។ ប៉ាគីស្ថានបានសម្រេចបន្តស្នើឱ្យឥណ្ឌាបើកការស្រាវជ្រាវរួមលើករណីខាងលើ»។
ភាគីប៉ាគីស្ថានបានបញ្ជាក់ថា កាំជ្រួចមីស៊ីលរបស់ឥណ្ឌាមិនបានបំពាក់ក្បាគ្រប់បរមាណូនោះឡើយ ហើយធ្លាក់នៅក្នុងទីក្រុង Mian Channu ស្ថិតនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសនេះចម្ងាយពីទីក្រុងអ៊ីស្លាម៉ាបាដ ៥០០គីឡូម៉េត្រ។ ប្រសិនបើជាមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូនោះ រឿងអាក្រក់ប្រាកដជាកើតឡើងជាមិនខាន៕ ដោយ៖ ធីរីណា

រូបថត ៖ AP/Sputnik
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច