ខេត្តស្វាយរៀង៖ មានករណីក្រុមក្មេងស្ទាវជិះម៉ូតូដេញកាប់យុវជន២នាក់ដែលកំពុងជិះម៉ូតូតាមផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិដែលកំពុងដេកលង់លក់ចេញមកមើលទាំងកណ្តាលអធ្រាត្រ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិថ្មី សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា យុវជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ រូ ឧត្តម អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នកបើកម៉ូតូមានឈ្មោះ ហ៊ីង ចិត្រា អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិដើមពោធិ៍ ឃុំ មេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ចំណែកជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ថៃ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងស្រុកចន្ទ្រានិងឈ្មោះ ចំរើន ភេទប្រុស មុខរបរនិងទីលំនៅមិនពិតប្រាកដ ដោយជនសង្ស័យបានបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១H-១២៣៨នៅនឹងកន្លែងកើតហេតុ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះចំនួន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ខណៈនោះស្រាប់តែមានជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង១H-១២៣៨បានដេញកាប់ជណរងគ្រោះបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោឡើង និងបណ្តាលឱ្យជនរងគ្រោះម្នាក់រងរបួសត្រូវត្រង់ក្បាលជង្គង់ខាងស្ដាំ។ ក្រោយមកជនសង្ស័យឃើញសភាពការណ៍មិនស្រួលក៏បានរត់ចោលម៉ូតូបាត់ភ្លាមៗតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីនេះសមត្ថកិច្ចមូលដ្ឋានកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យដើម្បីយកចាត់ការតាមផ្លូវច្បាប់។
ក្រោយកើតហេតុជនរងគ្រោះដែលរងរបួសត្រូវបានដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕
ដោយ៖ សុថាន