ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​បើកចំហឱ្យមានការវិនិយោគទាំងក្នុងនិងក្រៅប្រទេស មានទំនាក់ទំនងជាមួយដៃគូនានា និងបណ្តាប្រទេសគ្រប់និន្នាការដើម្បីស្រូបទាញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានសកម្មភាពរស់រវើក

ចែករំលែក៖

ភ្នំពេញ៖​ បើ​យោង​តាមប្រភពព័ត៌មានពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានឱ្យដឹងថា​ ​សាធារណរដ្ឋកូរ៉េនឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួនដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។ 

    ការសន្យាបែបនេះពីភាគីកូរ៉េធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារនិងមុខរបរនៃសាធារណរដ្ឋកូរ៉េ បច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

   នាឱកាសនោះ លោកបណ្ឌិត អ៉ិត សំហេង បានចូលរួមអបអរសាទរ និងទទួលស្វាគមន៍យ៉ាងក្តៅបំផុតចំពោះវត្តមានរបស់លោក JAEKAP LEE ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចដើម្បីជួយឧបត្ថម្ភគាំទ្រលើផ្នែកស្តារនីតិសម្បទាដល់កម្មករនិយោជិតរបស់កម្ពុជាដែលជួបនឹងគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។ លោករដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈបទពិសោធន៍ការងារជាអតីតរដ្ឋមន្ត្រីក្រសួងការងារនិងមុខរបរនៃសាធារណរដ្ឋកូរ៉េ នឹងបានចែករំលែកបទពិសោធន៍ការងារជួយមកដល់កម្ពុជា ឱ្យវិស័យមួយនេះទទួលបាននូវលទ្ធផលល្អ។ 

    ពេលមកដល់កម្ពុជា លោក JAEKAP LEE មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារឃើញមានការរីកចម្រើនយ៉ាងឆាប់រហ័សលើការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា។ មានបទពិសោធន៍លើកិច្ចការងារស្តារនីតិសម្បទារបស់កម្មករនិយោជិតដែលទទួលរងនូវគ្រោះថ្នាក់ការងារនេះ លោក​ បានបញ្ជាក់ថា រូបលោកធ្លាប់បានចូលរួមចងក្រងជាគោលនយោបាយសម្រាប់គាំពារកម្មករនិយោជិតកូរ៉េដែលទទួលរងគ្រោះថ្នាក់នៅកន្លែងការងារ និងស្តារនីតិសម្បទាជូនពួកគាត់អាចវិលត្រឡប់ទៅធ្វើការដូចដើមវិញបាន។ ក្រុមការងាររបស់លោកនឹងជួយក្រុមការងារកម្ពុជាលើផ្នែកនេះ ដើម្បីយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យ។

    លោករដ្ឋមន្ត្រីលើកឡើងថា កាលពី២០ឆ្នាំមុន កម្ពុជាមិនមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃបែបនេះទេ ប៉ុន្តែដោយសារតែរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវសន្តិភាព និងការរក្សាបាននូវស្ថិរភាពនយោបាយ ទើបមានការអភិវឌ្ឍលឿនបែបនេះ។ មានសន្តិភាព គឺមានឱកាសក្នុងការអភិវឌ្ឍ។ កម្ពុជាបើកចំហឱ្យមានការវិនិយោគទាំងខាងក្នុង និងខាងក្រៅ មានទំនាក់ទំនងជាមួយដៃគូនានា និងបណ្តាប្រទេសទាំងអស់គ្រប់និន្នាការដើម្បីស្រូបទាញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានសកម្មភាពរស់រវើក។ 

    ពាក់ព័ន្ធនឹងកិច្ចសហការនិងផ្តល់ការគាំទ្រដល់កម្ពុជាពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត អ៉ិត សំហេង លើកឡើងថា គឺមានទំនាក់ទំនងល្អប្រសើរណាស់ បន្ទាប់ពីមានដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅសាធារណរដ្ឋកូរ៉េ ធ្វើឱ្យប្រទេសទាំងពីរ ក្លាយជាទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងពាណិជ្ជកម្មសេរីរបស់ប្រទេសយើងទាំងពីរផងបានផ្តល់ប្រយោជន៍ពីគ្នាទៅវិញទៅមក ប្រកបដោយផ្លែផ្កាដ៏ល្អបំផុត។  លំហូរនៃអ្នកវិនិយោគកូរ៉េចូលមកកាន់កម្ពុជា មានការកើនឡើងជាលំដាប់ បានធ្វើការវិនិយោគស្ទើរតែគ្រប់វិស័យទាំងអស់។ 

   ចំពោះទំនាក់ទំនងលើវិស័យការងារវិញ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េប្រមាណជាង៥ម៉ឺននាក់ ទទួលបាននូវចំណេះ ជំនាញ ប្រាក់ចំណូល បទពិសោធន៍ការងាររហូតក្លាយជាសហគ្រិនភាពដ៏ចំណាន។ មួយវិញទៀត លើប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារ(OSH) កូរ៉េបានផ្តល់ការគាំទ្រទាំងថវិកា និងបច្ចេកទេសមកដល់កម្ពុជា រួមជាមួយនឹងសេវាការងារដល់NEA ផងដែរ។ កូរ៉េមានបទពិសោធន៍ច្រើន ទាំងគោលនយោបាយ យន្តការ និងសេវាសម្បូរបែប លើការគ្រប់គ្រង និងដោះសា្រយបញ្ហាគ្រោះថ្នាក់ការងារជូនដល់កម្មករនិយោជិតរបស់ខ្លួន និងចែករំលែកបទពិសោធន៍ទាំងនេះមកខាងប.ស.ស យកទៅអនុវត្តទទួលបានជោគជ័យបន្ថែមទៀត។  

    លោករដ្ឋមន្រ្តីក៏បានលើកឡើងពីការអភិវឌ្ឍរបបសន្តិសុខសង្គមរបស់កម្ពុជា មកដល់ពេលនេះកម្ពុជាបានអនុវត្តរបបសន្តិសុខសង្គមចំនួន៣ រួមមាន៖ ទី១.ផ្នែកហានិភ័យការងារ អនុវត្តនៅឆ្នាំ២០០៨, ទី២.ផ្នែកថែទាំសុខភាព អនុវត្តនៅឆ្នាំ២០១៦ និងទី៣.ផ្នែកប្រាក់សោធន ទើបប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ហើយបាននិងកំពុងធ្វើយុទ្ធនាការរយៈពេល ៩០ថ្ងៃ ផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារ។

 លោក JAEKAP LEE បានថ្លែងអំណរគុណដល់លោកបណ្ឌិត អ៉ិត សំហេង ដែលបានគាំទ្រចំពោះការអនុវត្តគម្រោងរបស់លោក​នៅកម្ពុជា ។ លោក​ សង្ឃឹមថា ការជួយជ្រោមជ្រែងរបស់លោករដ្ឋមន្ត្រី នឹងធ្វើឱ្យដំណើរការអនុវត្តនូវគម្រោងមួយនេះពិតជាទទួលបានជោគជ័យដ៏ធំធេង៕

ដោយ​៖សហការី​


ចែករំលែក៖