ខេត្តសៀមរាប ៖ នៅសាលាខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋជាង៧០០គ្រួសារ ដែលមានសំណង់មិនរៀបរយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ស្ថិតនៅភូមិទក្សិណ និងភូមិត្រពាំងសេះសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានមកចាប់ឆ្នោតទទួលយកក្បាលដីដើម្បីដូរលំនៅឋានថ្មី ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅឯសាលាខេត្ដសៀមរាប។
នាឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងស្រដៀងៗគ្នាថា៖ ការសាងសង់លំនៅឋានរបស់ពួកគាត់នាពេលកន្លងមកនៅតំបន់រមណីយដ្ឋានអង្គរនេះពុំមានច្បាប់អនុញ្ញាតឱ្យរស់នៅនោះទេ ហើយពួកគាត់បានសាងសង់ផ្ទះនោះក៏យូរហើយដែរ ប៉ុន្ដែដើម្បីចូលរួមលើកតម្លៃ នៃរមណីយដ្ឋានអង្គរ ពួកគាត់ព្រមស្ម័គ្រចិត្ដប្ដូរទីលំនៅថ្មី ដោយទទួលយកក្បាលដីទំហំទទឹង២០ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ ស្ថិតនៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ ពួកគាត់បានបន្ដថា ទំហំដីដែលរដ្ឋផ្ដល់ឱ្យនោះសមល្មមនឹងទទួលយកបាន។
ពួកគាត់ក៏បានបញ្ជាក់ដែរថា ការណ៍ដែលពួកគាត់ព្រមស្ម័គ្រចិត្តទៅនៅកន្លែងថ្មីនេះគឺ៖ ទី១-ចង់ចូលរួមធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរស្អាត មានសណ្ឋាប់ធ្នាប់ល្អ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាបានកាន់តែច្រើន, ទី២-ពួកគាត់អាចរស់នៅកន្លែងថ្មីដោយសប្បាយចិត្ត បានដីកម្មសិទ្ធិស្របច្បាប់ និងអាចធ្វើសំណង់បានតាមតម្រូវការ។ ប៉ុន្ដែពួកគាត់ ស្នើឱ្យមានការអភិវឌ្ឍសាលារៀន មន្ទីរពេទ្យ វត្ដអារាម និងមានផ្លូវថ្នល់ប្រកប ដោយគុណភាព ហើយអ្នកខ្លះដែលគ្រួសារមានជីវភាពខ្វះខាតខ្លាំង និងគ្រួសារចាស់ជរាក៏បានស្នើឱ្យអាជ្ញាធរជួយរុះរើ និងដឹកជញ្ជូនសម្ភារពួកគាត់ទៅកាន់កន្លែងថ្មីផង។
ជាមួយគ្នានោះ តំណាងឱ្យអាជ្ញាធរក្រុងសៀមរាប លោក ហាយ យ៉ុង បានឱ្យដឹងដែរថា គោលការណ៍ផ្ដល់ដីដំបូងដល់ប្រជាពលរដ្ឋមានចំនួនជាង៧០០គ្រួសារនេះក្នុងចំណោមប្រជាពលរដ្ឋពីរភូមិ រួមមានភូមិទក្សិណ និងភូមិត្រពាំងសេះសង្កាត់គោកចក ក្រុងសៀមរាប ពួកគាត់ បានស្ម័គ្រចិត្ដទទួលយកក្បាលដីទីតាំងថ្មី បន្ទាប់ពីបានវាស់វែងរកឃើញថា ពួកគាត់ សាងសង់លំនៅឋាននៅលើដីតំបន់រមណីយដ្ឋានអង្គរគ្មានច្បាប់អនុញ្ញាត ខណៈដែលប្រជាពលរដ្ឋមួយចំនួនទៀតមិនព្រមទទួល និងមិនទាន់រកម្ចាស់ឃើញ ដោយមានតែផ្ទះ។
លោក ហាយ យ៉ុង បន្ដថា ការផ្ដល់ដីទីតាំងថ្មីដល់ប្រជាពលរដ្ឋជំហានដំបូងនេះ អាចនឹងចាប់ផ្ដើមរុះរើលំនៅឋានឱ្យពួកគាត់នៅចុងឆ្នាំ២០២២នេះ ដោយសារប្រជាពលរដ្ឋខ្លះជាប់មានកូនរៀននិងជួបបញ្ហាផ្សេងៗ ប៉ុន្ដែមានប្រជាពលរដ្ឋខ្លះពួកគាត់បានរុះរើមួយចំនួនហើយ។
លោក បន្ថែមថា អាជ្ញាធរនឹងឱ្យពួកគាត់ទៅពិនិត្យមើលក្បាលដី ក្រោយពីចាប់ឆ្នោតរួចបាន៤ទៅ៥ថ្ងៃ ខណៈដែលក្រុមការងារកំពុងឈូសឆាយរៀបចំប្លង់ដីស្របច្បាប់។ លោកបន្ដថា ទីតំាងដីថ្មីនៅរុនតាឯក ស្រុកបន្ទាយស្រីនឹងមានការអភិវឌ្ឍគ្រប់វិស័យ រួមមានសាលារៀន មន្ទីរពេទ្យ វត្ដអារាម និងមានផ្លូវថ្នល់ខ្វាត់ខ្វែងផងដែរ។
គួរបញ្ជាក់ថា ក្រុមការងារបច្ចេកទេស ក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានរកឃើញអ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧.៣២២គ្រួសារ ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបលក់ដូរសរុបចំនួន៤៤តូប ក្នុងនោះ៣៤តូបលក់វត្ថុអនុស្សាវរីយ៍ ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង១០តូប ស្មើ៧៩ក្យូសស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក។ ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន៦៨៩ គ្រួសារបានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៥៥គ្រួសារស្ថិតនៅភូមិត្រពាំងសេះ៕
ដោយ៖សហការី