ខេត្តបាត់ដំបង៖ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៦ ខែសីហា ឆ្នាំ២០២២នេះថា៖ លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្ត ដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលស្រុកចំនួន០២ គឺស្រុកបាណន់ និងស្រុកបវេល ចុះឆ្មក់បង្រ្កាបក្រុមអ្នកប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់(ឧបករណ៍ឆក់ត្រី)នៅក្នុងភូមិសាស្រ្តរបស់ខ្លួនបានចំនួន០២ករណីដែលក្នុងនោះមានមនុស្សចំនួន០៩នាក់ដែលត្រូវសមត្ថកិច្ចនគរបាល នាំមកធ្វើការសាកសួរស្រាវជ្រាវនៅអធិការដ្ឋាននគរបាលស្រុកនិងបានធ្វើការដក ហូតឧបករណ៍ឆក់ត្រីនេះមួយចំនួន កាពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា ក្រោយប្រតិបត្តិការចប់នៅចំពោះមុខសមត្ថកិច្ចនគរបាលជំនាញ ក្រុមអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រីទាំង០៩នាក់នេះ បានឆ្លើយសារភាព អំពីគោលបំណងនិងសកម្មភាពរបស់ខ្លួននាពេលកន្លងទៅ ចំពោះការប្រើប្រាស់ឧបករណ៍នេសាតដោយខុសច្បាប់នេះ (ប្រើប្រាស់ឧបករណ៍ឆក់)។
របាយការណ៍ដដែលបន្តថា ក្រោយពេលពួកគេសារភាពកំហុសសមត្ថកិច្ចនគរបាលបានឱ្យសាមីខ្លួនអ្នកប្រព្រឹត្តិធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសបែបនេះបន្តទៀត និងបានធ្វើការដកហូតឧបករណ៍ឆក់ត្រីដោយរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ហើយឱ្យក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំបន្ថែមនៅមូលដ្ឋានដោយ មិនឱ្យពួកគាត់បន្តសកម្មភាពនេះបន្តទៀត៕
ដោយ៖សហការី