ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះទឹកជំនន់នៅប៉ាគីស្ថាន ពលរដ្ឋជាង៣០លាននាក់រងផលប៉ះពាល់

ចែករំលែក៖

ប៉ាគីស្ថានអំពាវដល់សហគមន៍អន្តរជាតិជួយផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសនេះផង ក្រោយរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះទឹកជំនន់កាលពីខែកក្កដាកន្លងមក បណ្តាលឱ្យពលរដ្ឋជិត១០០០នាក់ស្លាប់ ក្នុងនោះមានកុមារដល់ទៅ ៣២៦នាក់។
រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកបញ្ហាបម្រែបម្រួលអាកាសធាតុ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងរដូវនិងទឹកជំនន់ដ៏អាក្រក់ៗ នារដូវខ្យល់មូសុងក្នុងប្រទេសប៉ាគីស្ថានបានជះផលប៉ះពាល់ដល់ មនុស្សជាង៣០លាននាក់ ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ចំពោះមុខគ្រោះមហន្តរាយធម្មជាតិនេះ ប៉ាគីស្ថានបានទទូចសុំឱ្យសហគមន៍អន្តរជាតិជួយដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយខណៈដែលខ្លួនកំពុងតស៊ូទប់ទល់នឹងផលវិបាកនៃភ្លៀងធ្លាក់ខ្លាំងដែលបានបង្កជាទឹកជំនន់ធំៗ ចាប់តាំងពីខែមុន ដោយបានសម្លាប់មនុស្សជាង ៩០០នាក់។
ក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Sherry Rehman រដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុ បានឱ្យដឹងថា ប្រជាជន៣៣លាននាក់បានរងផលប៉ះពាល់តាមរបៀបផ្សេងៗគ្នា ហើយតួលេខចុងក្រោយនៃអ្នកបាត់បង់ផ្ទះសម្បែងកំពុងត្រូវបានវាយតម្លៃ។
លោកស្រី រ៉េហ៍មែន បានពិពណ៌នាគ្រោះទឹកជំនន់នាពេលនេះថា ជា «គ្រោះមហន្តរាយផ្នែកមនុស្សធម៌ដ៏ធំធេង» ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានអាហារ និងទីជម្រក។ លោកស្រីបន្ថែមថា «យើងត្រូវស្នើសុំជំនួយដែលមិនត្រឹមតែសម្រាប់ខេត្តនិងទីក្រុងអ៊ិស្លាម៉ាបាដប៉ុណ្ណោះទេ ប៉ុន្តែវាហួសពីសមត្ថភាពរបស់រដ្ឋបាល ឬរដ្ឋាភិបាលក្នុងការស្តារនីតិសម្បទា, ការជួយសង្គ្រោះ និងដោះស្រាយបញ្ហាប្រឈមផ្សេងទៀត»។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shahbaz Sharif បានអំពាវនាវដល់សប្បុរសជននានាឱ្យជួយដល់តំបន់ដែលរងគ្រោះដោយទឹកជំនន់ក្នុងប្រទេសប៉ាគីស្ថាន។ បើតាមរដ្ឋមន្ត្រីក្រសួងផែនការនិងអភិវឌ្ឍន៍ លោក អាសាន អ៉ីបាល មនុស្សប្រហែលជាង៣០លាននាក់ដែលកំពុងរងផលប៉ះពាល់នេះ គឺប្រហែលនឹង ១៥ភាគរយនៃចំនួនប្រជាជនសរុបតំណាងឱ្យប្រទេសអាស៊ីខាងត្បូង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN-VNA


ចែករំលែក៖