ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្រ្តា ៖ កម្ពុជាកំពុងមានការរីកចម្រើនជឿនលឿន ដោយសារសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ

ចែករំលែក៖

 

ខេត្ត​ព្រះសីហនុ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​២៧​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ យុវសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់សីលា នៅក្នុងខេត្តព្រះសីហនុ បានក្លាយជាជើងឯក នៃវេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ការរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងមានការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធមួយចំនួន វេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២ បានបិទបញ្ចប់ ប្រកាសជ័យលាភី និងជូនរង្វាន់ដល់យុវសិស្ស ដែលមកពីសាលារៀនចំនួន៦ ក្នុងចំណោមសាលរៀនចំនួន១៦ ជ្រើសរើសសម្រាប់វេទិកាឆ្នាំ ២០២២ កាលពីថ្ងៃសុក្រទី ២៦ ខែសីហាម្សិលមិញនេះ​ នៅខេត្តព្រះសសីហនុ ក្រោមអធិបតីភាពលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ,លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួម ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ នាយកសាសា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យចំនួន៦ មកពីខេត្តព្រះសីហនុ និងខេត្តកោះកុង។ 

ចំពោះលទ្ធផលនៃការប្រកួតគឺ យុសិស្សមកពីវិទ្យាល័យហ៊ុន សែន កំពង់សីលា នៃខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ចំណែកវិទ្យាល័យហ៊ុនសែនព្រៃនប់ ខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ២ រីឯវិទ្យាល័យវិទ្យាល័យ ហ៊ុន សែន បាក់ខ្លង ទទួលបានជ័យលាភីលេខ៣ និងរង្វាន់កិត្តិយសបានប្រគល់ជូនគឺវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង វិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព។

នាឱកាសនោះ​​ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ទុកថាវេទិកានេះ បានលើកទឹកចិត្តដល់យុវជន យកចិត្តទុកដាក់ត្រងត្រាប់ សិក្សាស្រាវជ្រាវ យកបទពិសោធន៍ល្អ ដើម្បីចែករំលែកចំណេះដឺង យ៉ាងទូលំទូលាយស្តីពីបរិស្ថាននេះផងដែរនិងបណ្តុះស្មារតីស្រឡាញ់បរិស្ថានកាន់តែខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតីផ្តល់ពានរង្វាន់ ដល់ជ័យលាភីទាំងអស់នាពេលនោះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះវេទិកាប្រកួតដែលយុវជនបានចូលរួមប្រកួតនេះគឹពិតជាបានដើរតួនាទីយ៉ាងសំខាន់ទៅលើការផ្សព្វផ្សាយបញ្ហាបរិស្ថាន និងពិសេសការបណ្តុះស្មារតីឱ្យស្រឡាញ់បរិស្ថាន ទៅលើការបង្កើនចំណេះដឹងបរិស្ថាន។ 

ជាមួយគ្នានេះ លោក នេត្រ ភក្រ្តា បានលើកឡើងថា កម្ពុជាកំពុងមានការរីកចម្រើនជឿនលឿន ដោយសារសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ហើយ រាជរដ្ឋាភិបាលក៏បានគិតគូរពីការអភិវឌ្ឍប្រកបដោយចីរភាពគឺសំដៅលើការរីកចម្រើននៃសេដ្ឋកិច្ច ការរីកចម្រើននៃសង្គមជាតិ និងការយកចិត្តលើសកម្មភាពមេត្រីភាពបរិស្ថានកាន់តែខ្ពស់ជាងមុន។ លើសពិនេះដែរ លោករដ្ឋលេខាធិការ បានលើកឡើងថា​ វេទិកាយុវជនជជែកពិភាក្សាបរិស្ថានគឺជាមធ្យោបាយមួយក្នុងការចែករំលែក ព័ត៌មានបរិស្ថាន និងការស្រឡាញ់បរិស្ថានទៅកាន់ពលរដ្ឋដទៃទៀត បន្ថែមលើយន្តការផ្សេងៗទៀតដែល ក្រសួងបរិស្ថានបានរៀបចំឡើងក្នុងការបញ្ជ្រាបនិងផ្សព្វផ្សាយចំណេះដឹងបរិស្ថានក្នុងចំណោមប្រជាពលរដ្ឋ។

លោក នេត្រ ភក្រ្តា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាពិសេសនាយកដ្ឋានអប់រំបរិស្ថាន និងដៃគូពាក់ព័ន្ធ ដែលបានខិតខំបង្កើតកម្មវិធីផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ដើម្បីលើកកម្ពស់សកម្មភាពកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

សូមបញ្ជាស់ថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២២ ជាលើកទី៤២ និងជាលើកទី១ដែលបានរៀបចំនៅខេត្តព្រះសីហនុ ដែលបានចាប់ផ្ដើមតាំងពីខែមេសា ដល់ខែសីហា ឆ្នាំ២០២២ និងបានចែកចេញជាបីវគ្គ គឺ វគ្គណែនាំ វគ្គប្រកួតដំបូង និងវគ្គប្រកួតផ្ដាច់ព្រ័ត្រ។ វេទិកានេះដែរបានផ្ដល់ឱកាសដល់យុវជនសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ថ្មីៗតាមបែបវិទ្យាសាស្រ្តគាំទ្រគោលជំហររបស់ខ្លួន ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ពីបណ្តាវាគ្មិន និងមន្រ្តីជំនាញផ្នែកបរិស្ថាន ព្រមទាំងបានចែករំលែកនូវចំណេះដឹងទាំងនោះ ទៅកាន់សាធារណជនទូទៅថែមទៀត ក្នុងការចូលរួមការគ្រប់គ្រងបរិស្ថានរបស់ប្រទេសកម្ពុជានាថ្ងៃអនាគតកាន់តែល្អប្រសើរ។ 

យុវសិស្សមកពីវិទ្យាល័យចំនួន១៦ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង បានចូលរួមប្រកួតក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២២ ហើយក្នុងនោះវិទ្យាល័យចំនួន៦ បានឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្ររួមមាន៖វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង វិទ្យាល័យ ហ៊ុន សែន វាលរេញ វិទ្យាល័យ ហ៊ុន សែន កំពង់សីលា វិទ្យាល័យ ហ៊ុន សែន មិត្តភាព  និងវិទ្យាល័យ ហ៊ុន សែន ប៉ាក់ខ្លង ដែលបានធ្វើការពិភាក្សាលើប្រធានបបទសំខាន់ចំនួន៣គឺ៖

ប្រធានបទទី១៖ ការអប់រំបរិស្ថាននៅវត្តអារាមមានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរឥរិយាបទស្រលាញ់បរិស្ថានជាងនៅសាលារៀន។ 

ប្រធានបទទី២៖ សំណល់ប្លាស្ទិកគឺជាប្រភពចម្បងនៃការបំពុលបរិស្ថានសមុទ្រ។

ប្រធានបទទី៣៖ ការបង្កើតមុខរបរឱ្យសហគមន៍មូលដ្ឋានបានចូលរួមចំណែកដល់ការអភិរក្សជីវៈចម្រុះ៕

ដោយ​៖សហការី​


ចែករំលែក៖