ខេត្តព្រះសីហនុ៖ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ណាមួយដែលអាចកើតមានឡើងជាយថាហេតុ និងឱ្យសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ នៅតាមសាលារៀននានា ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ បានយល់ដឹងបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោក។
ជាក់ស្ដែងដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃសៅរ៍ទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងអាណាព្យាបាល។
នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះដែរ មន្រ្តីជំនាញក៏បានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងរូបសញ្ញាចរាចរណ៍ផ្លូវគោក ជូនដល់លោកគ្រូ-អ្នកគ្រូ និងបានណែនាំអំពីផ្លាកសញ្ញាចរាចរណ៍ផ្លូវគោកសំខាន់ៗ មួុយចំនួន ដេីម្បីផ្សព្វផ្សាយបន្ថែមដល់ប្អូនៗសិស្សានុសិស្ស នៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែនកម្មករ។
សូមជម្រាបថា ជារៀងរាល់ថ្ងៃ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្ត ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ ចំពោះគោលដៅនេះផងដែរ ការជិះបញ្រ្ជាស់មានចំនួនច្រើន ពេលកម្លាំងចុះអនុវត្តច្បាប់ បានកាត់បន្ថយយ៉ាងច្រើន ចំពោះអ្នកបើកបរបញ្រ្ជាស់យានយន្តគ្រប់ប្រភេទ នៅលេីផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២០ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុផងដែរ៕
ដោយ៖សហការី