ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់បានស្លាប់ដោយសារឈើសង្កត់ នៅក្នុងក្រុមហ៊ុន ណេង ណា ខណៈក្រុមហ៊ុនសម្រុកកាប់ដឹកឈើចេញ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ មនុស្សម្នាក់បានស្លាប់ដោយសារឈើសង្កត់ នៅក្នុងក្រុមហ៊ុន ណេង ណា ដែលមានទីតាំងនៅ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ម្សិលមុិញ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា,  ជនរងគ្រោះបានបាត់បង់ជីវិត ពេលទៅស៊ីឈ្នួលកាប់ឈើ អាឈើ ឱ្យ ក្រុមហ៊ុន ណេង ណា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងតែមានតម្រ៉ូវការដឹកឈើចេញ ទើបបានប្រមូលកម្មករជាច្រើននាក់ ដើម្បីកាប់ឈើក្នុងព្រៃ ហើយដឹកតាមរថយន្តធំៗដឹកចេញជាប្រចាំ ច្រើនខែច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែពុំមានករណីបាត់បង់អាយុជីវិតមនុស្សពេលចូលកាប់ឈើដូចករណីលើកនេះទេ ។

ប្រភពនៅទីនោះបានបញ្ជាក់ថា,  ជនរងគ្រោះដោយឈើសង្កត់ស្លាប់ មាន ឈ្មោះ ឡុង អឹន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក បានស្លាប់ភ្លាមៗនៅនឹងកន្លែង ពេលកាប់ឈើឱ្យក្រុមហ៊ុនណេង ណា ហើយបាក់មែកឈើសង្កត់លើ។

បច្ចុប្បន្នសពត្រូវបានកម្លាំងជំនាញកោសល្យវិច័យត្រួតពិនិត្យរួចប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា, ការកាប់ឈើរបស់ក្រុមហ៊ុន ណេង ណា ក៏ត្រូវបានគេសង្ស័យថា អាចនឹងមានកាប់ និងប្រមូលទិញឈើពីក្រៅតំបន់ក្រុមហ៊ុន ដើម្បីដាក់ចូលក្រុមហ៊ុន រួចកាត់ CP ឱ្យទៅជាឈើច្បាប់សំរាប់ដឹកចេញ៕

ដោយ ៖ សហការី


ចែករំលែក៖