ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឡើងទួលបណ្ដាលឱ្យដួលត្រូវរថយន្តកុងតឺន័រមកពីក្រោយបុកស្លាប់នៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូមិនប្រយ័ត្នរេចង្កូតឡើងទួលបណ្ដាលឱ្យដួល ត្រូវរថយន្តកុងតឺន័របើកមកពីក្រោយបុកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២វេលាម៉ោង ២១និង១៥នាទី លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ២៤-២៥ក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជា ពិសា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល បើកបរម៉ូតូម៉ាកHonda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កណ្ដាល 1AN-6646 ។

ចំណែករថយន្តត្រូវបានគេស្គាល់ប្រភេទកុងតឺន័រ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បើករថយន្តគេចខ្លួន)។

ប្រភពដដែលបន្តថា   នៅថ្ងៃខែវេលាម៉ោងកើតខាងលើ គេបានឃើញម៉ូតូ០១គ្រឿងម៉ាកHonda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាក់លេខ កណ្ដាល 1AN-6646 បើកបរដោយឈ្មោះ ជា ពិសា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បើកបរក្នុងទិសដៅពីអ្នកលឿង-ភ្នំពេញ តាមផ្លូវជាតិលេខ១ ពេលមកដល់ចំណុចកើតហេតុ ក៏បានជិះឡើងទួលចិញ្ចើមផ្លូវបណ្ដោលឱ្យដួលដោយខ្លួនឯង ស្របពេលនោះក៏មានរថយន្តប្រភេទកុងតឺន័រ០១គ្រឿងមិនស្គាល់ម៉ាក អ្នកបើកបរ(មិនស្គាល់អត្តសញ្ញាណ)បានកិនចំក្បាលជនរងគ្រោះជាអ្នកបើកបរម៉ូតូបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ ហើយរថយន្តក៏បានបើករត់គេចខ្លួនបាត់ក្នុងទិសដៅអ្នកលឿង-ភ្នំពេញ ខណៈនោះស្រាប់តែមានរថយន្ត០១គ្រឿងទៀតប្រភេទកុងតឺន័រ(មិនស្គាល់អត្តសញ្ញាណ)បើកបរទិសដៅ ភ្នំពេញ-អ្នកលឿងបានមកបុកម៉ូតូជនរងគ្រោះ ហើយរថយន្តកុងតឺន័រនោះបានបើករត់គេចទៅទិសដៅ ភ្នំពេញ-អ្នកលឿងបាត់ទៅ។ បន្ទាប់មកក៏មានរថយន្ត០១គ្រឿងទៀតម៉ាក់KAI BongoIII ពណ៌លឿងចាស់ ប្រភេទដឹកទំនិញធុនតូចពាក់ស្លាកលេខ ភ្នំពេញ ២BL-១១៤៧ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណបានបើកមកបុកម៉ូតូជនរងគ្រោះបន្ថែមទៀត អ្នកបើកបរគេចខ្លួនបាត់មុនសមត្តកិច្ចមកដល់ដោយទុករថយន្តនៅកន្លែងកើតហេតុ។

រថយន្តនិងម៉ូតូកម្លាំងជំនាញចរាចរណ៍ស្រុកកៀនស្វាយធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី។

សន្និដ្ឋានបឋម: ករណីខាងលើនេះបណ្តាលមកពីអ្នកបើកបរម៉ូតូឈ្មោះ ជា ពិសា បើកបរក្នុងល្បឿនលឿនបណ្ដាលឱ្យដួលត្រូវរថយន្តកិនស្លាប់៕

 

ដោយ៖ស្អាង ជ័យ


ចែករំលែក៖