ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័រ បុករថយន្តព្រូស ពីក្រោយពេញទំហឹងរួចរេចង្កូតឡើងលើខឿនការាសសាំងទៅបុកបាក់ដើមឈើមួយដើម និងស្លាកយីហោការាសសាំងខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បានបើករថយន្តហាយឡេនឌ័រមួយគ្រឿងខណៈមេឃកំពុងភ្លៀងនិងបើកក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសពីក្រោយពេញទំហឹងបណ្ដាលឱ្យរេចង្លូតឡើងលើខឿនការាសសាំងទៅបុកដើមឈើមួយដើមបាក់រាបដល់ដី និងបុកស្លាកយីហោការាសសាំងធ្វើឱ្យធ្លុះធ្លាយរងការខូចខាតយ៉ាងដំណំ។ គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខការាស់សាំងតូតាល់ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ខាងលិចស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-6468 ធ្វើដំណើរចុះពីលើស្ពានអាកាសផ្សារដីហុយក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តហាយឡេនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AN-0918 បើកបរដោយបុរសជនជាតិចិនម្នាក់ដែលមានសភាពស្រវឹងស្រាធ្វើដំណើរមកពីក្រោយ ក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តព្រូសពីក្រោយពេញទំហឹងបណ្ដាលឱ្យរថយន្តព្រូសវិលមួយជុំ ឯរថយន្តហាយឡេនឌ័រ បានរេចង្កូតមកខាងស្ដាំដៃឡើងលើខឿនការាសសាំង ជ្រុលទៅបុកដើមឈើមួយដើមបាក់រាបដល់ដីនិងបន្តទៅបុកស្លាកយីហោការាសសាំងធ្វើឱ្យធ្លុះធ្លាយរងការខូចខាតយ៉ាងដំណំ។ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងខ្លាំង តែសំណាងល្អភាគីទាំងសងខាងមិនមានអ្នករងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖