ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ។
ជនសង្ស័យ ឈ្មោះ ដា ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សុវណ្ណ រិទ្ធថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកអីវ៉ាន់ មានទីលំនៅផ្ទះជួល ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JM-6132 ។
តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា នៅទី២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០២និង៣០នាទី មុនពេលកើតហេតុ ជនរង គ្រោះជាមួយមិត្តភក្ដិចំនួន ៦ពាក់ បានជិះម៉ូតូចំនួន៥គ្រឿងចេញពីក្លឹប ហ៊ូលឡាញ ក្នុង”ខណ្ឌសែនសុខ ដោយជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JM-12 ពេលមកដល់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បែកផ្លូវគ្នា រួចជនរងគ្រោះក៏ជិះទៅផ្ទះនៅភូមិព្រៃសាលា សង្កាត់កាកាបទី៦ ខណ្ឌពោធិ៍សែនជ័យរាជពីភ្នំពេញ ពេលជិះមកតាមផ្លូវក៏ជួបជនសង្ស័យ រួចពួកជនសង្ស័យ បានស្រែកថា ដេញវា។ ដូច្នេះ ជនរងគ្រោះ ភ័យហេីយបានជិះម៉ូតូបើកគេច ពេលមកដល់ចំណុចផ្លូវបេតុង មុខស្ថានីយ៍ចាក់ប្រេងលីមឡុង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ ក៏ឈប់ម៉ូតូ រត់ចូលផ្ទះគេ ឱ្យគេជួយ ពេលនោះជនសង្ស័យក៏បានធ្វើសកម្មភាពកាប់ដាច់ ស្លាកលេខម៉ូតូ រួចនាំគ្នាជិះម៉ូតូរបស់ជនរងគ្រោះយកទៅផ្ញើរនៅផ្សារឯករាជ្យ២ ស្ថិតក្នុងភូមិត្រពាំង ពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយមកជនរងគ្រោះក៏បាន ឆែកតាមប្រព័ន្ធGPSឃើញម៉ូតូរបស់ខ្លួននៅចំណុចខាងលើ ក៏ប្តឹងសមត្ថកិច្ចនគបាលឱ្យចាំឃ្លាំមើល។លុះថ្ងៃខែឆ្នាំដដែល វេលាម៉ោង១០និង៣០នាទី ស្រាប់តែជនសង្ស័យឈ្មោះ ចំរើន ភេទប្រុស បានដើរមកយកម៉ូតូរបស់ជនរងគ្រោះដែលផ្ញើរទុកនៅកន្លែងខាងលើក៏ត្រូវសមត្ថកិច្ចនគរបាលធ្វើ ការឃាត់ខ្លួន និងវត្ថុតាងនាំមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១តែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួន ពិតជាបានធ្វេីសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះពិតប្រាកដមែន៕
ដោយ៖សុខាសែនជ័យ