ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនទាំងបំពានភ្លើងស្តុបទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវពេញទំហឹងបណ្តាលឱ្យប៉ើងទៅផ្លូវម្ខាងទៀត តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកតូយូ៉តាព្រូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2BB-4719 ដឹកភ្ញៀវធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបើកឆ្លងភ្លើងស្តុបពណ៌ខៀវ ពេលនោះស្រាប់តែមានរថយន្តម៉ាកឡិចសុីស RX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-9666 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៤ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនទាំងបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តតូយូ៉តាព្រូសពេញទំហឹងប៉ើងទៅផ្លូវម្ខាងទៀត ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្តឡិចសុីសRX350 បានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ