ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាលខេត្តព្រះសីហនុ​ ជួយសង្គ្រោះជនជាតិវៀតណាមចំនួន ០៥នាក់ករណី “បង្ខាំងមនុស្ស” ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច​ ១១៧​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​លោកវរសេនីយ៍ទោ ផាន់ វាសនា ប្រធានមជ្ឈមណ្ឌលប្រចាំ បញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំង​នគរបាលខេត្តព្រះសីហនុ​​ បានចុះធ្វើការស្រាវជ្រាវ និងស្វែងរកឃើញទីតាំងមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានជួយសង្គ្រោះជនជាតិវៀតណាមចំនួន ០៥នាក់ (ស្រីចំនួន ០២នាក់) និងនាំអ្នកគ្រប់គ្រងមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ។

ប្រភពដដែលបន្តថា​ កាលពីវេលាម៉ោង ១៤​ និង៣៥នាទី ថ្ងៃទី២៩​ ខែសីហាម្សិលមិញនេះ​ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណី “បង្ខាំងមនុស្ស” ដែលស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ភ្លាមនោះ​នគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច​ ១១៧។ លុះនៅម៉ោង ១៤​ និង៤០នាទីថ្ងៃដដែល លោកវរសេនីយ៍ទោ ផាន់ វាសនា ប្រធានមជ្ឈមណ្ឌលប្រចាំ បញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ហានៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី សាញ់ ប៊ុនថន ស្នងការរង ទូរស័ព្ទលេខ ០១២ ៨៩០ ៣០១ ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។

លទ្ធផលនៅម៉ោង ១០​ និង៥៥នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ តាមរបាយការណ៍បឋម លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ ចុះស្រាវជ្រាវ និងស្វែងរកឃើញទីតាំង​ខាងលេីនេះ​ បានជួយសង្គ្រោះជនជាតិវៀតណាមចំនួន ០៥នាក់ (ស្រីចំនួន ០២នាក់) និងនាំអ្នកគ្រប់គ្រងមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ។ 

ក្រោយពីការសាកសួរពួកគេថាមិនមានការបង្ខាំង ឬធ្វើទារុណកម្មអ្វីទេ គ្រាន់តែក្រុមហ៊ុន រឹតបន្តឹងចំពោះបុគ្គលិក ហើយពួកគេចង់ចាកចេញទៅស្រុកកំណើតវិញ ករណីនេះ បានបញ្ចប់នៅម៉ោង ១១​ និង១៥នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ៕

ដោយ​៖សហការី​


ចែករំលែក៖