ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ណែនាំអាជ្ញាធរក្រុង/ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តការងារដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ណែនាំអាជ្ញាធរស្រុក / ក្រុង និង អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តការងារដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ និងតាមដានបញ្ហាទឹកជំនន់លិចលង់លំនៅដ្ឋាន ហេដ្ឋារចនាសម័្ពន្ធនានា ការខូចខាតចំការស្រូវ ឲ្យបានល្អិតល្អន់គ្រប់ពេលវេលា រួមទាំងត្រៀមកម្លាំងជួយសង្គ្រោះ រកទីទួលសុវត្ថិភាពជូនពលរដ្ឋងាយរងគ្រោះ។ 

     ថ្លែងយ៉ាងដូចនេះក្នុងឱកាស លោកអភិបាលខេត្តកំពង់ធំ , លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សារខេត្តកំពង់ធំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ចូលរួមប្រកាសលោក អ៊ុត វណ្ណរ៉ា អតីតអភិបាលស្រុកសណ្តាន់ មកកាន់មុខតំណែងថ្មីជាអភិបាលស្រុកកំពង់ស្វាយ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២   ។

      លោកអភិបាលខេត្តកំពង់ធំ បន្តថាអាជ្ញាធរស្រុកកំពង់ស្វាយ  ពន្លឿនការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តខិតខំលើកកម្ពស់ក្នុងការផ្តល់សេវាចាំបាច់នានាដូចជា សេវាសុខាភិបាល អប់រំសង្គម និង សេវាសាធារណៈដទៃទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាពចំពោះប្រជាពលរដ្ឋ។ 

     ជាមួយគ្នានេះ លោក ងួន រតនៈ បានបញ្ជាក់ថា អភិបាលស្រុកកំពង់ស្វាយ  មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ទូទាំងស្រុកកំពង់ស្វាយ  រួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍស្រុក  ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះ ប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូន ប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាព។

   លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយដែលទើបតែកាន់តំណែងថ្មីឡើងប្ដេជ្ញាចិត្តថា៖

១/ ខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលនយោបាយ  គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល  តាមការណែនាំរបស់ក្រសួងមហាផ្ទៃ  និង តាមការណែនាំរបស់រដ្ឋបាលខេត្ត។
២/ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចឲ្យអស់ពី កម្លាំងកាយចិត្តប្រកបដោយស្មារតីទទួលខុសត្រូវ។

៣/ ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តភារកិច្ចដើម្បីសម្រេចបាននូវសមិទ្ធផលធំៗ ស្របតាមគោលការណ៍នយោបាយកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  លើកកម្ពស់អភិបាលកិច្ចល្អ នៅមូលដ្ឋាននិងស្របតាមផែនការយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គសេនាបតី តេជោហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។

៤/ ចូលរួមចំណែកលើកកម្ពស់សេវាសង្គម កសាង និង ពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ស្របតាមការអភិវឌ្ឍនៅមូលដ្ឋាន ប្រកបដោយសមធម៌ និង មានចីរភាពដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

៥/ធានានិរន្តរភាពកិច្ចការប្រចាំថ្ងៃ  ផ្ដល់សេវាសាធារណៈ ឲ្យកាន់តែប្រសើរឡើង និង របៀបរបប ធ្វើការងារប្រកបដោយតម្លាភាព  គណនេយ្យភាព និង មានប្រសិទ្ធភាព។

៦/ រក្សាក្រមសីលធម៌ សាមគ្គីភាព  ទំនាក់ទំនងល្អ  ជាមួយមន្ទីរអង្គភាពរដ្ឋបាលក្រុង/ស្រុក/ឃុំ/សង្កាត់  មន្ត្រីក្រោមឱវាទ និងអង្គការជាដៃគូពាក់ព័ន្ធនានា  មានភក្តីភាពចំពោះស្ថាប័ន  ចំពោះប្រជាពលរដ្ឋ  ដោយឈរលើមនសិកាវិជ្ជាជីវៈរបស់ខ្លួន ៕

ដោយ៖កែវ មន្នី


ចែករំលែក៖