ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែក ! សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាស ចំនួន២ បន្ថែមទៀត អស់ទឹកប្រាក់ប្រមាណជាង ៤៦លានដុល្លារ នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅកំណាត់មហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទ និងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល។ 

រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ មហាវិថីសម្តេចតេជោ ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)ឱ្យបានជ្រាបថា នៅថ្ងៃពុធ ០៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត) ចាប់ពីចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) រហូតដល់ស្តុបចំណុចប្រសព្វរវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ជាមួយនឹង មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) រយៈពេលចំនួន ០៣ថ្ងៃ ដើម្បីសម្អាត នឹងអញ្ជើញសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ពោធបើកការការដ្ឋានសាងសង់ ។ 

សូមបញ្ជាក់ថា, ស្ពានអាកាសទាំងពីរនេះ នឹងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។

ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖