ប្រទេសឡាវ ៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង លោក នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីវៀងចន្ទន៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងារទ្វេភាគីជាមួយនឹង លោកប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ជាមួយនឹងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសឡាវនៅលើកនេះ នឹងក្លាយជាស្ពាននៃការភ្ជាប់ទំនាក់ទំនង និងជាជំហានថ្មីមួយទៀតក្នុងការជំរុញសន្ទុះ និងកំណត់ទិសដៅកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងកងទ័ពប្រជាជនឡាវ ស្របតាមទិសដៅរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា។
ជាការឆ្លើយតប លោក រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានថ្លែងនូវការកោតសរសើរពេញចិត្តចំពោះជោគជ័យនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានបញ្ជាក់អំពីការគាំទ្រកងទ័ពទាំងពីរ ឱ្យបន្តកិច្ចសហការជំរុញការរឹតចំណងមិត្តភាពតាមរយៈការបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំទៅវិញទៅមក និងពង្រឹងសកម្មភាពកិច្ចសហប្រតិបត្តិការផ្សេងទៀត ដើម្បីធ្វើយ៉ាងណាកសាងតំបន់ព្រំដែនជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងវិបុលភាពរួម។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីការពារប្រទេសឡាវ ក៏បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស និងគួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងបានជួយដល់ប្រទេស និងប្រជាជនឡាវ ក្នុងអំឡុងពេលវិបត្តិគ្រោះអាសន្ននានា ជាពិសេសការផ្តល់ជំនួយជាថវិកា និងសម្ភារបរិក្ខារពេទ្យ រួមទាំងវ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត កូវីដ-១៩ ៕
ដោយ ៖ សិលា