ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍​សំខាន់​ៗ​របស់​សម្ដេចតេជោ ហ៊ុន សែន​ នាឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើកការដ្ឋានសាងសង់ ស្ពានអាកាស ចំនួន០២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹក​ថ្ងៃ​ពុធ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បាន​អញ្ជើញ​មាន​ប្រសាសន៍​ពី​ការ​អភិវឌ្ឍ​ដែល​ផ្តើម​ពី​ការរីកចម្រើន កំណើនយានយន្ត និងប្រជាពលរដ្ឋជាច្រើន ក្នុង​បញ្ហា​នេះ​សម្តេច​បាន​រម្លឹក​ពី​ការ​កាត់​ដី​ពង្រីក​វិសាលភាព​ក្រុង​ភ្នំពេញ​ដែល​កាត់​ចេញ​ពី​ខេត្ត​កណ្តាល​ហើយ​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៅ​រាជធានី​ភ្នំពេញ​នេះ​សម្តេច​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ខេត្ត​កណ្តាល​នឹង​ត្រូវ​បង្កើត​ឱ្យ​មាន​ក្រុង​១​ទៀតនោះ គឺក្រុងល្វាឯម ពោលគឺមិនកាត់ឱ្យរាជធានីភ្នំពេញទៀតទេ។​ សម្តេចតេជោ ​មាន​ប្រសាសន៍​បែប​នេះ​ នាឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើកការដ្ឋានសាងសង់ ស្ពានអាកាស ចំនួន០២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ។

-សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីគំនិតចង់ឱ្យមានខ្សែរថភ្លើងក្រោមដីដោយជំរុញដល់យុវជនជំនាន់ក្រោយខិតខំសិក្សាលើគម្រោងនេះ។​ សម្ដេចបញ្ជាក់ថាការបង្កើតគម្រោងខ្សែរថភ្លើងលើអាកាសនឹងធ្វើឱ្យទីក្រុងមានភាពស្មុគស្មាញ និងបញ្ហាពីគម្លាតរវាងទីក្រុងនិងជនបទជាខ្លាំង។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនហ៊ានសន្និដ្ឋានថា លោក ខឹម វាសនា ឡប់ ឬឆ្កួតនោះទេ ទាក់ទងនឹងអបិយជំនឿ ប៉ុន្តែទោះជាយ៉ាងណាលោក ខឹម វាសនា គ្រាន់បើជាងជនអគតិមួយក្តាប់តូច ដែលអំពាវនាវឲ្យមានការផ្តួលរំលំរាជរដ្ឋាភិបាល និងអំពាវនាវឲ្យប្រទេសផ្តាច់ជំនួយមកខ្មែរ។

-សម្តេចតេជោ ហ៊ុន សែន​ ប្រកាសដាក់ចេញវិធានការដាច់ណាត់ ចំពោះការប្រមូលផ្តុំនៅចំការរបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែនដោយ៖​

ទី១- ប្រុងប្រយ័ត្នការជ្រៀតចូល នៃក្រុមបាតដៃទី៣ បង្កហេតុនៅកន្លែង ប្រមូលផ្តុំដោយគ្មានច្បាប់ទម្លាប់ទាំងនោះ។
ទី២- ហាមទៅចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាល កំពុងផ្តល់ជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកគោរពស្រលាញ់សម្តេច សូមកុំចូលអន្ទាក់របស់លោក ខឹមវាសនា ដោយសម្តេចបញ្ជាក់ថា «លោក ខឹម វាសនា នឹងបង្កើនការជេរប្រមាថសម្តេចថែមទៀត»

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អភិបាលរាជធានី, ខេត្ត, ក្រុង,ស្រុក ខណ្ឌ នាំគ្នាមើលផ្លូវឱ្យបានដិតដល់ ព្រោះជាដំណើរចរាចរណ៍របស់ប្រជាពល។ សម្តេចបញ្ជាក់ថា សម្តេចបានបញ្ជាឱ្យដកចៅហ្វាយក្រុងតាខ្មៅមួយចោលកាលពីពេលថ្មីៗនេះ ដោយសារតែមិនចេះមើលផ្លូវ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញដោយផ្ទាល់មាត់ដល់លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យមើលឱ្យបានដិតដល់លើការប្រឡងបវរកញ្ញាមួយ ដែលទទួលបានរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលទាមទារឱ្យក្រសួងហៅមកផ្តល់យោបល់ អប់រំណែនាំ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្រួសារសម្តេចគ្មានទំនាស់ផ្ទៃក្នុងដណ្តើមបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត សម្រាប់កម្ពុជានោះទេ។សម្តេចតេជោ ហ៊ុន សែន ផ្តាំដល់ក្រុមអ្នកវិភាគទាំងនោះ សូមកុំយកបញ្ហាគ្រួសារខ្លួនឯង មកសន្និដ្ឋានគ្រួសាររបស់អ្នកដទៃ។

សម្ដេចបានបញ្ជាក់ថា ការបង្កើត​ស្រុក​ល្វាឯម​នៃ​ខេត្ត​កណ្ដាល​ឱ្យ​ទៅ​ជា​ក្រុង​១​ទៀត​ដែល​នឹង​មិន​កាត់​ឱ្យ​ទៅ​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត​នោះ​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ខេត្ត​កណ្តាល​មាន​ពន្ធ​អាករ​ផង​ដែរ ព្រោះខេត្តកណ្តាលត្រូវបានកាត់ចូលរាជធានីភ្នំពេញអស់ច្រើនហើយ។

សូមបញ្ជាក់ថា ខេត្តកណ្តាលមាន ក្រុងតាខ្មៅ និងស្រុកចំនួន១០ ។ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​តាម​រយៈ​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចខេត្តកណ្តាលនឹងមានក្រុងចំនួន២គឺក្រុងតាខ្មៅ និង​ក្រុង​ល្វាឯម និងស្រុកចំនួន៩ ពោលគឺស្រុកលើកដែក កៀនស្វាយ កណ្ដាលស្ទឹង ស្អាង កោះធំ ពញាឮ អង្គស្នួល មុខកំពូលនិងស្រុកខ្សាច់កណ្តាល៕

ដោយ​៖ស​ តារា​


ចែករំលែក៖