ព័ត៌មានទាន់ហេតុការណ៍៖

៤ ករណីធំៗដែលកម្មវិធី Miss Grand Cambodia 2022 រងការរិះគន់ខ្លាំងៗ

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានឲ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យលើការប្រកួតកម្មវិធីកញ្ញាឯកMiss Grand Cambodia។ ការលើកឡើងរបស់សម្តេចគឺត្រូវបានធ្វើឡើងបន្ទាប់ពីកម្មវិធីនេះរងការរិះគន់ខ្លាំងៗពីសំណាក់ទស្សនិកជននោះ។

ការថ្លែងរបស់សម្តេចតេជោ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២នេះ គ្រាដែលសម្តេចតេជោ អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត។

  បើគេក្រឡេកមើលពីព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំ Miss Grand Cambodia 2022  បានបញ្ចប់ហើយកាលពីចុងសប្តាហ៍មុននេះដោយបានរកឃើញម្ចាស់ មកុដហើយ ប៉ុន្តែ អ្វីដែលធ្វើឲ្យគេកត់សម្គាល់សម្រាប់កម្មវិធីប្រកួតសម្រស់នេះគឺការជ្រើសរើសបានបេក្ខជនដែលមានសមត្ថភាពរូបសម្រស់ និងម្ចាស់មកុដដ៏ស័ក្កិសម។ ទន្ទឹមគ្នានេះលេចចេញមតិរិះគន់ រឿងហួសចិត្ត និងចម្ងល់មួយចំនួនដែលបានកើតមានឡើងក្នុងកម្មវិធីប្រកួតសម្រស់មួយនេះដែលក្នុងនោះយើងសូមលើកយកព្រឹត្តិការណ៍ចំនួន៤ ដែលធ្វើឲ្យទស្សនិកជនធ្វើការចែករំលែកខ្លាំងលើបណ្តាញសង្គម។ 

  ទី១គឺឈុតបៀ និងអាប៉ោង ដែលច្នៃឡើងគ្រងដោយបេក្ខជនតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិត។ លេចចេញការរិះគន់ខ្លាំងៗលើឈុតទាំងពីរនេះនៅក្នុងវគ្គប្រកួតឈុតតំណាងជាតិព្រោះតែឈុតនេះត្រូវបានបង្ហាញនៅពីមុខផ្ទាំងរូបភាពប្រាសាទអង្គរវត្តដែលជាដួងព្រលឹងជាតិ ហើយបេក្ខជនក៏ជាអ្នកតំណាងក្រុងដែលគួរណាស់តែលើកយកពីសិល្បៈវប្បធម៌ គួរជាទីមោទកសម្រាប់ក្រុងទាំងពីរខាងលើបែជាបង្ហាញពីឯកសណ្ឋានបុគ្គលិកកាស៊ីណូ កាន់បៀ និងអាប៉ោងទៅវិញ ដែលករណីនេះធ្វើឲ្យទស្សនិកជនជាច្រើនស្នើឲ្យស្ថាប័នពាក់ព័ន្ធធ្វើការពិនិត្យ ក្នុងនោះក៏លេចចេញការប្រតិកម្មពីសំណាក់មន្ត្រី ប្រជាពលរដ្ឋនៃក្រុងទាំងពីរផងដែរ។ 

  ករណីទី២គឺជុំវិញការបញ្ចេញលិខិតបំភ្លឺពីសំណាក់គ្រប់គ្រងកម្មវិធីលោក អ៊ិន សុភិន ដែលលិខិតបំភ្លឺ មួយទំព័រកាលពីរសៀលថ្ងៃទី២៥ ខែសីហាកន្លងទៅនេះគឺជាការសុំការអភ័យទោសពីសំណាក់ប្រជាពលរដ្ឋកម្ពុជាជុំវិញការប្រើប្រាស់ឈុតបង្ហាញសន្លឹកបៀ និងអាប៉ោងរបស់ខេត្តទាំង២ខាងលើ ប៉ុន្តែលិខិតនោះត្រូវបានលេចចេញការរិះគន់បន្តទៀតជុំវិញទម្រង់លិខិតរដ្ឋបាលដែលស្លាកសញ្ញា ឬ Logoរបស់ផលិតកម្មមហាហង្សស្ថិតនៅខ្ពស់ជាងអក្សរបាវចនាជាតិ និងខ្លឹមសារលិខិតដែលមិនមានភាពត្រឹមត្រូវ ដោយបានបញ្ជាក់ខ្លឹមសារថាក្រុងប៉ោយប៉ែតនៅក្នុងខេត្តស្វាយរៀង និងក្រុងបាវិតនៅក្នុងខេត្តបន្ទាយមានជ័យ។ ខណៈដែលខាងក្រោមនៃលិខិតដែលបញ្ជាក់ពីថ្ងៃខែត្រូវចុះហត្ថលេខាគឺមិនមានបញ្ជាក់ថ្ងៃទីប៉ុន្មានឡើយ ដែលការចេញលិខិតនេះត្រូវបានគេលើកឡើងថា ជាការធ្វេសប្រហែស និងបង្កើតកំហុសថ្មីមួយបន្ថែមទៀត ប៉ុន្តែលិខិត និងការបង្ហោះនោះត្រូវបានលុបចេញ ជំនួសមកវិញនូវលិខិតបំភ្លឺលើកទី២ដែលមានខ្លឹមសារស្នើសុំការអភ័យទោស និងសម្រេចធ្វើការដកចេញនូវឈុតទាំងពីរនោះចេញពីការប្រកួត។ 

  ចំណុចទី៣គឺម្ចាស់មកុដMiss Grand Cambodia 2020កញ្ញា លីវ ជីលី រង ការរិះគន់ បន្ទាប់ពីនាង បានបញ្ចេញសារឆ្លេីយតបអ្នករិះគន់ចុកៗវិញថា  ចូលឆ្នាំចិន  សែនសឹងពេញប្រទេស  ផ្ទះមួយៗលេងតែបៀ  ផឹកតែស្រា  គ្រាន់តែឈុតចឹងសោះ  អាណិតអ្នកធ្វេីឈុត  បងហាលេីកក្រោយកុំអោយគេជេរចឹងទៀត។   ជុំវិញសារមួយនេះរបស់កញ្ញា  លីវ   ជីលី  មិនដឹងថាមានរឿងអ្វីនោះទេ  ដោយនាងបានបង្ហោះក្នុង Storyតែមួយភ្លេត ហេីយក៏ត្រូវបានលុបចោលភ្លាមៗ ហើយបញ្ចេញសារសុំទោសចំពោះកំហុសឆ្គង ដែលកើតមានឡើងដោយអ្នកគ្រប់គ្រងPage ឬអេដមីនរបស់នាង។

ចំណុចទី៤ កម្មវិធីលេចចេញការរិះគន់ខ្លាំងទៅលើបេក្ខជនមកពីស្ទឹងត្រែង ស្លៀកឈុតរាត្រីស្រមោលស  រហូតលេចចេញតំបន់ អាថ៌កំបាំង នៅយប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ ដែលជាវគ្គប្រកួតបឋមហើយ ។ បើទោះបីជានាងបានស្លៀកខោក្នុងដែលមានពណ៌ស្រដៀងគ្នានឹងសាច់ប៉ុន្តែពិតជាទើសភ្នែកក្នុងរូបភាពមិនសមទំនងមានភាពសិចស៊ីបញ្ចេញសាច់ផ្នែកខាងក្រោមខ្លាំងហួសហេតុពេក៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖