ខេត្តកណ្ដាល៖ បុរសម្នាក់ដាច់ចិត្តលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែកតាមាក់ចោលប្រពន្ធនិងកូន បន្ទាប់ពីបុរសខាងលើនេះបានឈ្លោះប្រកែកទាស់ពាក្យសម្ដីជាមួយប្រពន្ធរបស់ខ្លួនរួចមក។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី នៅចំណុចជិតពាក់កណ្តាលស្ពានព្រែកតាមាក់ត្រើយខាងលិច ក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ សៀន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមទា មានទីលំនៅសព្វថ្ងៃភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ វត្ថុតាងបន្សល់ទុកមាន៖ ម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ គ្មានស្លាកលេខចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាកoppoចំនួន០១គ្រឿងនិងស្បែកជើងផ្ទាត់ពណ៏ខៀវ លេខ១០ចំនួន០១គូ។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុវេលាម៉ោង២២និង៣០នាទី មានប្រជាពលរដ្ឋដែលធ្វើដំណើរបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ថា មានករណីមនុស្សលោតទឹកពីលើស្ពានព្រែកតាមាក់។ ក្រោយពីទទួលព័ត៍មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុឃើញមានបន្សល់ទុកសម្ភារវត្ថុតាងខាងលើនៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចក៏បានយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍ និងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះនិងសាច់ញាតិ ។ លុះមកដល់ព្រឹកថ្ងៃទី៣១ ខែឆ្នាំដដែល ទើបដឹងអត្តសញ្ញាណជនរងគ្រោះ ដោយសាច់ញាតិ ប្រពន្ធ បងប្អូនជនរងគ្រោះបានមកទំនាក់ទំនងនៅប៉ុស្តិ៍ដោយបានបញ្ជាក់ថា សម្ភារម៉ូតូ ស្បែកជើង ទូរស័ព្ទពិតជារបស់ជនរងគ្រោះពិតមែន ហើយប្រពន្ធជនរងគ្រោះបានបញ្ជាក់ថានៅថ្ងៃកើតហេតុវេលាម៉ោង១៨និង០០នាទីជនរងគ្រោះបានឈ្លោះប្រកែកជាមួយខ្លួនរឿងកូនធ្វើឱ្យខូចទូរស័ព្ទ ដោយប្រកែកគ្នាខ្លាំងរហូតដល់ជនរងគ្រោះហៅប្រពន្ធទៅលែងលះគ្នានៅផ្ទះមេភូមិ តែប្រពន្ធមិនព្រមទៅ ជនរងគ្រោះក៏ជិះម៉ូតូចេញពីផ្ទះទៅតែម្នាក់ឯង ដោយពាក់អាវយឺតដៃខ្លីកបើក ពណ៌លឿង ស្លៀកខោក្រណាត់ជើងវែងពណ៌ខ្មៅទៅផឹកស្រានៅផ្ទះបងថ្លៃឈ្មោះ ពៅ រហូតដល់ម៉ោង២២និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូចេញមកបាត់តែម្តង។
ចំពោះជនរងគ្រោះ ក្រុមគ្រួសារនិងសមត្ថកិច្ចកំពុងបន្តស្វែងរក ហើយសម្ភាររបស់ជនរងគ្រោះខាងលើសមត្ថកិច្ចបានប្រគល់ជូនប្រពន្ធជនរងគ្រោះឈ្មោះវ៉ន សុខនៀងរួចហើយ៕
ដោយ៖ ស្អាងជ័យ