ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២  ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក បណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ 

ក្នុងជំនួបនេះ លោក ប្រធានាធិបតីឡាវ បានសម្តែងនូវការស្វាគមន៍ប្រកបដោយក្តីរីករាយចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ លោក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងក្តីនឹករឭកក្នុងមនោសញ្ចេតនាជិតស្និទ្ធដូចជាបងប្អូន។ លោក ក៏បានថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេស ភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាតំបន់ និងសាកល ដែលកំពុងមានភាពស្មុគស្មាញ។

លោក ប្រធានាធិបតីឡាវ បានគូសបញ្ជាក់បន្ថែមថា ឡាវ-កម្ពុជា ជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា ដែលមានបំណងប្រាថ្នារួម គឺសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនទាំងអស់គ្នា។ ក្នុងន័យនេះ លោក បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដូចអ្វីដែល លោក ហ៊ុន ម៉ាណែត បានពិភាក្សា និងឯកភាពគ្នាជាមួយប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ដើម្បីសុខសន្តិភាព និងទំនាក់ទំនងកាន់តែល្អជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅរបស់ លោក ប្រធានាធិបតីឡាវ និងបានថ្លែងអំណរគុណចំពោះការគាំទ្រដល់ទិសដៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងកិច្ចសហការឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារមាតុភូមិទាំងពីរលើមូលដ្ឋាននៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។

ក្នុងឱកាសនោះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះប្រទេសឡាវ និងប្រជាជនឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសវិធានការរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាតំបន់ ៕

ដោយ ៖ សហការី


ចែករំលែក៖