ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តក្នុងស្ថានភាពស្រវឹងទៅបុកម៉ូតូដែលបើកស្របទិសគ្នាស្លាប់ស្ត្រីម្នាក់នៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានស្ត្រីជាបុគ្គលិកកាស៊ីណូម្នាក់ស្លាប់និងរងរបួសស្រាល៤នាក់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូយ៉ូតាកាមរី ដែលអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងទៅបុកជាមួយម៉ូតូដែលបើកស្របទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២២នៅលើផ្លូវលេខ៣១៤D ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤និងលេខ២៥ស្ថិតនៅ  ភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

    យោងតាមសមត្ថកិច្វនគរបាលស្រុកបានឱ្យដឹងថា អ្នកស្លាប់មានឈ្មោះហួត នឿន អាយុ៤៦ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ មានទីលំនៅភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកHonda Dream សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខ ស្វាយរៀង ១H-៣៩២០ខូចខាតទាំងស្រុង។

    ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ ញឹម សារី អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទួលស្ដី ឃុំទួលស្ដី ស្រុកចន្រ្តា ខេត្តស្វាយរៀង និងអ្នករួមដំណើរ៣នាក់ទៀតមាន ឈ្មោះ អឹម យៀន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិទួលស្ដី ឃុំទួលស្ដី ស្រុកចន្រ្តា ខេត្តស្វាយរៀង, ឈ្មោះ ព្រំ ដែង ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិទួលស្ដី ឃុំ ទួលស្ដី ស្រុកចន្រ្តា ខេត្តស្វាយរៀង និងឈ្មោះ សុខ ដា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្រ្តា បើករថយន្តម៉ាកតូយ៉ូតា កាមរី ពណ៌ ទឹកប្រាក់ ផលិតឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ ២M-៦១៤៧ ខូចខាតយ៉ាងដំណំ។

    តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកម៉ាកHonda Dream សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខ ស្វាយរៀង ១H-៣៩២០ធ្វើដំណើរពីជើងទៅត្បូង ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ ទឹកប្រាក់ ផលិតឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ ២M-៦១៤៧ជិះគ្នា៤នាក់ដោយអ្នកបើកស្ថិតក្នុងស្ថានភាពស្រវឹងបានទៅបុកពីក្រោយម៉ូតូយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

    ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីដើម្បីដោះស្រាយបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖