ព័ត៌មានទាន់ហេតុការណ៍៖

លោក ទុយ រី ជួបសំណេះសំណាល ជាមួយនិស្សិតមន្ត្រីរាជការជ័យលាភីអាហារូបករណ៍ជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្ស (JDS) សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន២៣រូប

ចែករំលែក៖

ប្រទេសជប៉ុន ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបសំណេះសំណាល ជាមួយនិស្សិតមន្ត្រីរាជការជ័យលាភីអាហារូបករណ៍ជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្ស (JDS) សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន២៣រូប រួមមានមកពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍជនបទ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រនិងនវានុវត្តន៍ និងធនាគាជាតិកម្ពុជា ដែលមកបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅប្រទេសជប៉ុន។ 

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានណែនាំ និស្សិតទាំងអស់ឱ្យខិតខំព្យាយាមសិក្សារៀនសូត្រ ដើម្បីមានចំណេះដឹងកាន់តែខ្ពស់ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ លើសពីនេះ លោកឯកអគ្គរាជទូត បានលើកទឺកចិត្តដល់និស្សិតមន្ត្រីរាជការវ័យក្មេងទាំងនោះ ឱ្យចូលរួមផ្សព្វផ្សាយពីវប្បធម៌ និងទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរយើង រួមទាំងផ្នែកទេសចរណ៍ និងក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់មិត្តជប៉ុន និងមិត្តបរទេសនានា ដើម្បីទាក់ទាញឱ្យយពួកគាត់បានស្គាល់ និងមានបំណងចង់ទៅទស្សនាប្រទេសកម្ពុជា។

៊លោកឯកអគ្គរាជទូត ក៏បានរៀបចំទទួលអាហារស្វាគមន៍( នំបញ្ចុក និងបង្អែមខ្មែរ) ដល់អ្នកសម្របសម្រួលដែលជា តំណាងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (Japan International Cooperation Center – JICE)  និងនិស្សិតជ័យលាភីទាំងអស់  ក្នុងបរិយាកាស រីករាយ និងស្និទ្ធស្នាល៕

ដោយ : សិលា


ចែករំលែក៖