ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយបានកើតឡើងដោយសារតែរថយន្តម៉ាកហ៊ីយ៉ាន់ដាយ២តោនកន្លះបុករះម៉ូតូ៤គ្រឿងក្នុងទិសដៅស្របគ្នា នៅ តំបន់សេដ្ឋកិច្ចពិសេសហាយផាក បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់និងរបួសធ្ងន់ស្រាល៦នាក់ទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៦នាទីរសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវបេតុងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយផាក ក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា អ្នកបើករថយន្តបង្កហេតុមានឈ្មោះ ទិត្យ វាសនា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ បន្សល់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ២,៥តោន ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣A-៤១១០នៅនឹងកន្លែងកើតហេតុ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយចំណុះ២,៥តោន ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣A-៤១១០បើកនៅលើផ្លូវបេតុងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយផាកក្នុងទិសដៅពីកើតទៅលិច ដោយខ្វះការប្រុងប្រយ័ត្នក៏ទៅបុកម៉ូតូមួយគ្រឿងបើកបរដោយឈ្មោះ មាស ធីតា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំខេត្តស្វាយរៀង បណ្តាលឱ្យរងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ ផាន់ តំឡឹង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង រងរបួសធ្ងន់, ឈ្មោះ ស៊ុំ សារិទ្ធ ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្នោត ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង(ស្លាប់) ។
ប្រភពបន្តទៀតថា ក្រោយមករថយន្តដដែលនេះក៏បានទៅបុកម៉ូតូមួយគ្រឿងទៀតដែលមានអ្នកបើកបរឈ្មោះ ប៊ី ស្រីនិច ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងអ្នកបើកបរម៉ូតូមួយគ្រឿងទៀតមានឈ្មោះ ស៊ន់ ឌីណា ភេទ ស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង និងអ្នកបើកបរម៉ូតូទី៤មានឈ្មោះប៊ី សម្បត្តិ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានអ្នករួមដំណើរឈ្មោះ យិន ទេវី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិរោទ៍ ឃុំញ័រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
ក្រោយពិនិត្យនិងធ្វើកំណត់ហេតុរួចសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកអ្នករងរបួសស្រាលយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ។
ចំពោះមធ្យោបាយធ្វើដំណើរទាំង៥គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយតាមច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺដោយសារតែ អ្នកបើកបររថយន្តបើកខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖ សុថាន