ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយដកស្រង់ចេញពី សៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” សរសេរដោយលោក ឆាយ សុផល បានឱ្យដឹងថា៖ កន្លងមកមានលោកយាយលោកតា លោកអ៊ុំ ពូមីងជាច្រើនធ្លាប់បាននិយាយប្រាប់ខ្ញុំថា ឪពុកម្តាយរបស់ខ្ញុំ ចិញ្ចឹមកូនបានល្អៗណាស់ ទាំងប្រុស ទាំងស្រី គឺស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងចេះស្រលាញ់គ្នា។ ខ្ញុំសូមអរគុណលោកយាយលោកតា លោកអ៊ុំ ពូមីងចំពោះការសរសើរនេះ។
លទ្ធផលទាំងនេះ គឺមានដោយសារអ្នកមានគុណទាំងពីររបស់ខ្ញុំ គឺលោកឪពុក និងអ្នកម្តាយរបស់ខ្ញុំ ដែលគាត់តែងតែណែនាំប្រៀនប្រដៅកូនៗទាំងអស់ជាប់ជាប្រចាំ អោយប្រព្រឹត្តិនូវអំពើល្អ ប្រកាន់ឃ្ជាប់នូវសីលធម៌ គុណធម៌ ការតស៊ូព្យាយាម និងចេះស្រលាញ់ជួយយកអាសាគ្នា តាំងតែពីបងប្អូនរបស់ខ្ញុំនៅតូចៗម៉្លេះ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងគូសបញ្ជាក់ថា ក្នុងចំណោមដំបូន្មានសំខាន់ៗដែលឪពុកម្តាយរបស់ខ្ញុំបានផ្តល់អោយខ្ញុំនិងប្អូនៗរបស់ខ្ញុំ៖
១. កុំតាំងខ្លួនជាកូននាយករដ្ឋមន្ត្រី តែត្រូវតាំងខ្លួនជាចៅកសិករ…
២. ការរាប់អានមនុស្សមិនត្រូវមើលលើគេមានទ្រព្យសម្បត្តិ ឬជាកូនលោកធំនោះឡើយ… ប៉ុន្តែលើទឹកចិត្តល្អ…
៣. ត្រូវខំរៀន… ព្រោះចំណេះវិជ្ជាសំខាន់សម្រាប់ខ្លួនឯង និង ប្រទេសជាតិ។
៤. ត្រូវធ្វើតែអំពើល្អ និងចេះជួយគ្នានៅពេលត្រូវការ៕
ដោយ៖ស តារា