សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានដកស្រង់សម្តីអ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre ដែលបាននិយាយថា ក្រុមអ្នកដែលគាំទ្រពាក្យស្លោកនៃយុទ្ធនាការឃោសនា «Make America Great Again (ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត)» របស់លោកដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតីអាមេរិក គឺជាការគំរាមកំហែងចំពោះលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។
លោកស្រី Karine Jean-Pierre បានគូសបញ្ជាក់ថា បើតាមគំនិតរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិនផ្ទាល់គឺក្រុមអ្នកដែលគាំទ្រពាក្យស្លោកនេះ គឺជាផ្នែកដែលបង្ហាញពីភាពជ្រុលនិយមជាងគេនៃគណបក្សសាធារណរដ្ឋ។ របៀបដែលពួកគេយល់ឃើញចំពោះគោលនយោបាយរបស់រដ្ឋាភិបាលបច្ចុប្បន្ន ជាការគំរាមកំហែងយ៉ាងខ្លាំងចំពោះលទ្ធិប្រជាធិបតេយ្យ, សេរីភាព និងសិទ្ធិរបស់សហរដ្ឋអាមេរិក។
បើទោះបីជាលោកស្រីមិនបានរៀបរាប់លម្អិតអំពីការដោះស្រាយរបស់លោក បៃឌិន ជុំវិញបញ្ហានេះក៏ដោយ ក៏លោកស្រីបានព្រមានថា អំពើហិង្សាឬការគំរាមកំហែងណាមួយមិនគួរកើតមានក្នុងសង្គមរបស់អាមេរិកជាដាច់ខាត ដោយមិនខ្វល់ថា អ្នកគាំទ្រគណបក្សមួយណានោះឡើយ។
នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋបាលរបស់លោក បៃឌិន រិះគន់ក្រុមអ្នកគាំទ្រលោកត្រាំ។ ដោយឡែក លោក ចូ បៃឌិន ត្រូវគេរាយការណ៍ថា នឹងនៅតែបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតី បើទោះបីជាការស្ទង់មតិបង្ហាញការគាំទ្រធ្លាក់ចុះក្តី៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN-VNA)