ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកស្ទឹងសែនខេត្តកំពង់ធំ បន្តឡើង ខណៈ ស្រូវប្រជាកសិករមួយចំនួនត្រូវលិចលង់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោក យូ ឡា ប្រធានមន្ទីរធនធានទឹកឧតុនិយមខេត្តកំពង់ធំ បានឱ្យដឹងថា ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២  ទឹកភ្លៀង២៤ម៉ោងកន្លងមកមានភ្លៀងធ្លាក់នៅបណ្ដា ក្រុង/ស្រុកទាំង០៩ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទឹកស្ទឹងសែនចំនួន០៤មានការហក់ឡើង និង កន្លែងខ្លះរក្សាលំនឹង ឈានដល់កម្ពស់ប្រុងប្រយ័ត្ន ក្នុងនោះមានដូចជា៖

១.ស្ថានីយខេត្តកំពង់ធំ ទឹកស្ទឹងសែន  ម្សិលមិញ១៣,៦៣ម ថ្ងៃនេះមានកម្ពស់ ១៣,៦៤ម ក្នុងនោះកម្ពស់ប្រុងប្រយ័ត្ន ១៣,៥០ម ទឹកកើនឡើង០,០១ម។

២.ស្ថានីយស្រុកសណ្ដាន់ ទឹកស្ទឹងសែន  ម្សិលមិញមានកំពស់ ១៨,៨៨ម ថ្ងៃនេះមានកម្ពស់ ១៨,៨៧ម ក្នុងនោះកម្ពស់ប្រុងប្រយ័ត្ន១៨,៥០ម ទឹកស្រកចុះ ០,១៨ម។

៣.ស្ថានីយ៍កំពង់ចិន(ទីរួមស្រុក) ម្សិលមិញកម្ពស់ទឹក ៥,៣០ម ថ្ងៃនេះកម្ពស់ទឹក ៥,៣០ម ទឹកនឹង ក្នុងនោះកម្ពស់ទឹកប្រុងប្រយ័ត្ន ៥,៨០ម។

៤. អាងទឹកស្ទឹងជីនិត (១មករា) ម្សិលមិញកម្ពស់ទឹក ២,៨៣ម ថ្ងៃនេះកម្ពស់ទឹក ២,៨៣ម ទឹកនឹង ក្នុងនោះទឹកក្បាលបង្ហៀរ ០,៣៨ម។

លោកបានបន្តឲ្យដឹង ដោយហេតុថាស្ទឹងសែនបានតភ្ជាប់ពីខេត្តព្រះវិហារបន្តលំហូរចូលទៅកាន់បឹងទន្លេសាប ដូច្នេះសន្និដ្ឋានបានថាទឹកនៅស្ថានីយកំពង់ធំ និងអាច ស្រកចុះវិញក្នុងកំឡុងពេល ២ ឬ ៣ថ្ងៃ ខាងមុខនេះប្រសិនបើគ្មានភ្លៀងធ្លាក់នៅផ្នែកខាងលើច្រើន។

    លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំឲ្យដឹង ដែលថាគិតត្រឹមថ្ងៃ៣០ ខែសីហា ឆ្នាំ ២០២២ ផ្ទៃដីដែលប៉ះពាល់និងរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងទឹកស្ទឹងសែន នៅរដូវវស្សានេះធ្វើឲ្យប៉ះពាល់ចំនួន០៧ ក្រុង/ស្រុក និង ៣៧ឃុំ/សង្កាត់ ស្មើរ៦៥០៥គ្រួសារ ឮផ្ទៃដីសរុបចំនួន ១១៧៣០ហិកតា ក្នុងនោះខូចខាតស្រូវប្រជាពលរដ្ឋចំនួន ៦៥៣៤ហិតា។

     លោកប៉ែន វណ្ណារិទ្ធ បន្តថាបច្ចុប្បន្នប្រជាពលរដ្ឋដែលរងការប្រឈម ភាគច្រើនគឺរស់នៅតាមបណ្ដោយដងស្ទឹងសែន ដែលមានផ្ទះខ្លះលិចក្រោមផ្ទះ ប៉ុន្តែមិនទាន់ ដំណាក់កាល ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនៅឡើយទេ។

លោកបន្តទៀតថា ជាមួយគ្នានេះដែរក្នុងនាមសមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះអន្តរាយខេត្តកំពង់ធំ  បានត្រៀមទីទួលសុវត្ថិភាពចំនួន០៥កន្លែង នៅតាមបណ្ដាស្រុកចំនួន០៣ ដែលអាចរងផលប៉ះពាល់ខ្លាំងក្នុងករណីទឹកបន្តជន់ឡើង   ក្នុងនោះមានស្រុកប្រាសាទសំបូរ០៣ទីតាំង  ស្រុកសណ្ដាន់០១ទីតាំង និង ស្រុកស្ទោង០១ទីតាំងផងដែរ ៕

ដោយ៖កែវ មន្នី


ចែករំលែក៖