ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធខួប លើកទី៧៧ បុណ្យឯករាជ្យជាតិវៀតណាម និងខួបអនុស្សាវរីយ៍លើកទី៥៥ ការបង្កើតទំនាក់ទំនងការទូតនិងមិត្តភាព រវាងកម្ពុជា-វៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធខួបលើកទី៧៧​ បុណ្យឯករាជ្យជាតិវៀតណាម  និងខួបអនុស្សាវរីយ៍លើកទី៥៥ ការបង្កើតទំនាក់ទំនងការទូត​ និងមិត្តភាព រវាងកម្ពុជា-វៀតណាម នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគិត្រា នាល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដែលរៀបចំធ្វើឡើងដោយស្ថានទូតសាធារណរដ្ឋសង្គមនិយម វៀតណាមប្រចាំនៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា​ ការរៀបចំពិធីនាឱកាសនេះ ជាព្រឹត្តិការណ៍ ដ៏មានសារសំខាន់ និងមានខ្លឹមសារជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ដែលមានប្រវត្តិតស៊ូ លះបង់ រួមសុខ រួមទុក្ខ និងជួយគ្នាទៅវិញទៅមក តាំងពីអតីតកាល រហូតមកទល់ពេលបច្ចុប្បន្ន។ 

សម្តេចសូមចូលរួមអបអរសាទរនិងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងជាច្រើនសន្ធឹកសន្ធាប់ ដែលប្រទេសវៀតណាម សម្រេចបានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម​ ចាប់តាំងពីពេលដណ្តើមបានឯករាជ្យពីនឹមអាណានិគមនិយម រហូតបានអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនគួរជាទីមោទន  ជាពិសេស ការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងបានរួមចំណែកដ៏សំខាន់ដល់ការថែរក្សា សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក ។

ចំពោះទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-វៀតណាមវិញ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា តាមប្រវត្តិសាស្រ្ត ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសយើងទាំងពីរបានកើតមានជាយូរលង់ណាស់ហើយ គឺមុនពេលដែលទំនាក់ទំនងការទូតត្រូវបានបង្កើតជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧មកម្ល៉េះ ។

សម្តេចបន្តថា​ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ មកនេះ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះត្រូវបានពង្រឹង និងពង្រីកជាលំដាប់ លើគ្រប់វិស័យ មានលក្ខណៈស៊ីជម្រៅ និងយ៉ាងស្អិតរមួត ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ភូមិផងរបងតែមួយ ប្រកបដោយការជឿទុកចិត្ត  និងយោគយល់ពីគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយសម្រេចបាននូវសមិទ្ធផល ធំធេង និងគួរឱ្យកត់សម្គាល់ជាច្រើនរាប់មិនអស់។ 

ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើរការសួរសុខទុក្ខ និងជូនពរសព្វសាធុការដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាម សូមទទួលបាននូវសេចក្តីសុខ សុភមង្គល និងវិបុលភាពគ្រប់ប្រការ ជាពិសេសការសម្រេចបាននូវក្តីបំណងប្រាថ្នារបស់ខ្លូន ក្នុងការប្រែក្លាយប្រទេសវៀតណាម ឱ្យទៅជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ខាងមុខ៕

ដោយ ៖ សិលា


ចែករំលែក៖