ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យម៉ូតូ១គ្រឿងបើកមកពីមុខបុករងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បើយោងតាមប្រភពព័ត៌មានមន្ត្រីនគរបាលជំនាញនៃអធិការក្រុងប៉ៃលិនបានឲ្យដឹងថា÷នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នា ក្នុងចំណុចផ្លូវលំគ្រោះក្រហម១ខ្សែ នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់០១នាក់(ស្រី)និងម្នាក់ទៀតរងរបួសស្រាល(ប្រុស),ខូចខាតម៉ូតូកម្រិតមធ្យម០២គ្រឿង គូភាគីដែលរងគ្រោះមានឈ្មោះខាងក្រោម៖

ទី១-ភាគីបង្ក ឈ្មោះ ឆោម ឌឿន ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិទួលល្វា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខប៉ៃលិន១A-៧៨២៩(របួសធ្ងន់)បើកបរក្នុងទិសដៅពីកើតទៅលិច នៅពេលបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យម៉ូតូម្នាក់ទៀតបើកលឿនបណ្ដាលឲ្យបុកតែម្ដង ខូចខាតម៉ូតូកម្រិតមធ្យម។

ទី២-ភាគីរងគ្រោះ ឈ្មោះ រិន សាវ៉េត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ(របួសស្រាល)ទិសដៅពីលិចទៅកើត ខូចខាតម៉ូតូកម្រិតមធ្យម។

-មូលហេតុ:បណ្តាលមកពីកត្តាមនុស្សបើកបរម៉ូតូម៉ាកហុងដាវ៉េវ បើកបរក្នុងល្បឿនលឿន និងបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។

មន្ត្រីជំនាញនគរបាលចរាចរណ៍បានបន្តថា÷ករណីខាងលើនេះក្រោយពីជំនាញបានធ្វើការវាស់វែងរួច កម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាល ក្រុងប៉ៃលិន បន្តមកក៏បានយកវត្ថុតាងទាំងសងខាង មករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន រង់ចាំការដោះស្រាយតាមនីតិវិធីពេលក្រោយ ៕

ដោយ៖ស សារ៉េត


ចែករំលែក៖