ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាឡើងជោកបើករថយន្តទំនើបទៅបុករថយន្តសណ្ដោងទូកុងតឺន័រម្ដងហើយបន្តមកបុកទ្រូងផ្លូវបន្ថែមទៀតរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមនុស្សរងរបួសឡើយ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកខ្លួន បានបើករថយន្តម៉ាកSSANGYONG REXTON មួយគ្រឿងរេចង្កូតទៅបុករថយន្តសណ្ដោងទូកុងតឺន័រដែលចតនៅចិញ្ចើមពីក្រោយរងការខូចខាតតិចតួច កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ហើយបន្តិចក្រោយមកតៃកុងរថយន្តបង្កបានបន្តបើកមកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់នៅត្រង់ចំណុចភ្លើងស្តុបត្រឡោកបែកតាមបណ្ដោយផ្លូវលេខ៥៩៨ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងការខូចខាតយ៉ាងដំណំបន្ថែមទៀត តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តមួយគ្រឿងម៉ាកSSANGYONG REXTON ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BF-3959 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ពីជើងទៅត្បូង រួចបានបុករថយន្តកុងតឺន័រដែលចតលើចំណីផ្លូវនៅតាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច និងបានដេកលង់លក់យោ៉ងស្រួល ។ ចំណែកភាគីរថយន្តកុងតឺន័រឃើញមិនមានការខូចខាតអ្វីច្រើនក៏មិនទាមទារសំណងនោះដែរ រួចបានបើករថយន្តបន្តដំណើរទៅមុខបាត់ទៅ។ 

មួយសន្ទុះក្រោយមក ក៏មានបងប្អូនប្រជាពលរដ្ឋបានដាស់តៃកុងរថយន្តបង្កខាងលើឲ្យភ្ញាក់ឡើង រួចក៏បានបើករថយន្តបង្កបន្តដំណើរទៅមុខទៀត ខណៈមកដល់ចំណុចកើតហេតុខាងលើ ប្រហែលជាគាត់ងោកមួយភាំងហើយទើបបណ្តាលឱ្យរថយន្តរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់អស់មួយកង់ រីឯរថយន្តបង្កបានខូចខាតខាងមុខផ្នែកខាងឆ្វេងនិងដាច់កង់ទៅមុខលែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖