ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្ញើសារលិខិតអបអរសាទរជូនមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្សក្នុងឱកាសពិធីរម្លឹកខួប១៣ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំអគ្គបញ្ជាការ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតអបអរសាទរជូនមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្សក្នុងឱកាសពិធីរម្លឹកខួប១៣ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស។ 

(ខាងក្រោមនេះជាសារលិខិតអបអរសាទរ របស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន)។

ក្នុងឱកាសដ៏បវរសួស្តីសិរីមង្គលនៃពិធីរំលឹកខួប១៣ឆ្នាំថ្ងៃបង្កើតបញ្ញាការដ្ឋានអង្គរក្ស តាងនាម ថ្នាក់ដឹកនាំអគ្គបញ្ញាការ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមអបអរសាទរយ៉ាងស្មោះចំពោះថ្ងៃជាប្រវត្តិសាស្ត្រនេះ និងសូមផ្ញើការសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនានឹករលឹក ស្រលាញ់រាប់អានយ៉ាងស្មោះចំពោះ ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្ស ដែលក្នុង រយៈពេលកន្លងទៅបានខិតខំជម្នះរាល់ការលំបាក សម្រេចបានស្នាដៃធំៗជាច្រើន ជាពិសេស បានតស៊ូប្តូរផ្តាច់ ហ៊ានបូជាជីវិតក្នុងបុព្វហេតុនៃកិច្ចការពារជាតិ និងខិតខំកសាងអង្គភាពឱ្យបានរៀបរយនិងរីកចម្រើនជាលំដាប់។ លើសពីនេះ បានសហការថែរក្សាការពារសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជាពិសេស បានខិតខំ យកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពារសន្តិសុខជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ និង ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ។

សមិទ្ធផលនានាដែលបញ្ជាការដ្ឋានអង្គរក្សសម្រេចបាន អាស្រ័យដោយកត្តាសាមគ្គីភាព សមត្ថភាព ភក្តីភាព និងការគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង ភាពឈ្លាសវៃក្នុងការដឹកនាំអង្គភាពរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ទើបធ្វើឱ្យបញ្ជាការដ្ឋានអង្គរក្សមានការរីកចម្រើនលើគ្រប់វិស័យ។

ក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមប្រទានសព្ទសាធុការពរដ៏បវរមហាប្រសើរជូនថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្ស សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖