ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Andrew Campbell និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០នាទី ព្រឹក ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោករដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រីបានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឍមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្ម អន្តរជាតិ (ACIAR) ដែលកន្លងមក ACIAR បានផ្តល់ជាគម្រោងស្រាវជ្រាវលើវិស័យកសិកម្មជាចំនួន៥៥គម្រោង ក្នុងរយៈពេលប៉ុន្មានជាងពីរទសវត្សរ៍ចុងក្រោយនេះ។ លោករដ្ឋមន្ត្រីបានជម្រាបគណៈប្រតិភូជ្រាបថា កម្ពុជាមានផលិតផលកសិកម្មដែលមានសក្កានុពលជាច្រើន ដែលផលិតកម្មកសិកម្មមួយចំនួនបានផលិតច្រើនលើសតម្រូវការ ហើយបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសជាពិសេសប្រទេសជិតខាង ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ ផលិតផលកសិកម្មមួយចំនួនទៀតដែលមានសក្តានុពល បែជាពុំអាចផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ ដែលតម្រូវឱ្យនាំចូលពីបរទេសបន្ថែម។ លោកបន្ថែមទៀតថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលសល់អតិរេកស្បៀងជាង ៦.២លានតោន និងកំពុងជំរុញការកែច្នៃវេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។ លោកបានបន្តទៀតថា ទោះជាយ៉ាងនេះក្តី ប៉ុន្តែក៍នូវមានកង្វះខាតនៃផលិតផលមួយចំនួន ជាពិសេសបន្លែ និងជ្រូកសាច់ ត្រីនៅតែមានតម្រូវការនាំចូលក្នុងកម្រិតតិចតួច។ ដើម្បីដោះស្រាយនូវតម្រូវការ និងការនាំចេញផលិតផលស្របតាមលក្ខខណ្ឌតម្រូវទីផ្សារក្រៅប្រទេស លោករដ្ឋមន្ត្រីបានពិភាក្សា និងស្នើសុំកិច្ចសហការជាមួយភាគីអូស្ត្រាលីលើចំនុចមួយចំនួនដូចជា៖ ១. ស្នើពង្រឹងការស្រាវជ្រាវអភិវឌ្ឍន៍គ្រាប់ពូជល្អៗ មានតម្រូវការខ្ពស់ ហើយដែលអាចធននឹងការបម្រែបម្រួលអាកាសធាតុ និងពង្រឹង និងកសាងធនធានមនុស្ស បន្តទៀត ២. គាំទ្រឱ្យមានកិច្ចសហការលើការវិនិយោគពីវិស័យឯកជនឱ្យបានកាន់តែច្រើនលើខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មជាពិសេសលើកែឆ្នៃផលិតផលកសិកម្ម ៣. គាំទ្រគម្រោងអភិវឌ្ឍន៍លើចង្វាក់តម្លៃលើវិស័យកសិកម្ម។ ជាការឆ្លើយតប ភាគីអូស្ត្រាលីបានឯកភាព និងពិនិត្យមើលលទ្ធភាពនៃការគាំទ្រលើកិច្ចសហការទាំងនេះ។ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យ ACIAR ពិនិត្យលទ្ធភាពរៀបចំតំណាងការិយាល័យ ACIAR នៅកម្ពុជា ដោយក្រសួងកសិកម្មនឹងគាំទ្រទីតាំងការិយាល័យតំណាងនៅក្រសួងផ្ទាល់។ 

  ជាចុងក្រោយ លោករដ្ឋមន្ត្រី លោកសាស្ត្រាចារ្យ Andrew Campbell និងឯកឧត្តមឯកអគ្គរដ្ឋទូតបានឯកភាពគ្នា និងបានវាយតម្លៃលើកិច្ចពិភាក្សាខាងលើនេះ និងជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី កាន់តែមានចំណងមិត្តភាព និងកាន់តែរឹងមាំសម្រាប់បច្ចុប្បន្ន និងអនាគត៕

ដោយ : សិលា


ចែករំលែក៖