ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូបានបញ្ជាក់ជាថ្មីនូវកិច្ចសហការដើម្បីពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា

ចែករំលែក៖

ឥណ្ឌូនេស៊ី ៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់លើផេកផ្លូវការ បានឱ្យដឹងថា,  លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារជាមួយលោកស្រី Stefania Giannini ជំនួយការអគ្គនាយកអង្គការយូណេស្កូ ទទួលបន្ទុកវិស័យអប់រំ បន្ទាប់ពីចូលរួមកិច្ចប្រជុំក្រុមការងារអប់រំលើកទី៤ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអប់រំនៃប្រទេសជាសមាជិក G20 ដែលប្រព្រឹត្តទៅចាប់ពីទី៣១ ខែសីហាដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ 

ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់បន្តថា, ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងលោកស្រី Giannini បានលើកឡើងពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូនៅកម្ពុជា។ លោកស្រី Giannini បានថ្លែងអំណរគុណចំពោះលោកបណ្ឌិតសភាចារ្យ និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា សម្រាប់ភាពជាដៃគូជាមួយអង្គការយូណេស្កូក្នុងការជំរុញគុណភាពអប់រំនៅកម្ពុជា។ 

លោករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ ក៏នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពី កំណែទម្រង់វិស័យអប់រំ ដែលត្រូវបានកោះប្រជុំដោយអគ្គលេខាធិការអង្គការសហប្រជាជាតិនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕

ដោយ ៖ សិលា


ចែករំលែក៖