ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំស្តីពីការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះអាសន្នទឹកជំនន់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅរសៀល ថៃ្ងសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះអាសន្នទឹកជំនន់។ កិច្ចប្រជុំបានស្តាប់នូវរបាយការណ៍សង្ខេបស្តីពីស្ថានភាពគ្រោះមហន្តរាយក្នុងឆ្នាំ២០២២ ដោយលោកស្រីនាយិការរងរដ្ឋបាលសាលាខេត្ត និងជាសមាជិកលេខាធិការ គ.គ.ម.ខ និងការធ្វើបទបង្ហាញសេចក្តីព្រាងផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះអាសន្នទឹកជំនន់ក្នុងខេត្តស្ទឹងត្រែងឆ្នាំ២០២២ ដោយលោកនាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន គ.គ.ម.ខ។ ទន្ទឹមនោះកិច្ចប្រជុំបានចូលរួមពិនិត្យពិភាក្សា ពិគ្រោះយោបល់ និងធាតុចូលលើសេចក្តីព្រាង ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នទឹកជំនន់ឆ្នាំ២០២២។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត និងនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត។

លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា តាមរយៈនៃការរៀបចំ និងកសាងឡើងនូវផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះអាសន្ន ទឹកជំនន់នេះឡើងដោយជោគជ័យ ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោកបានថ្លែងអំណរគុណចំពោះក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាពិសេសថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងដៃគូរអភិវឌ្ឍន៍នានាដែលបានសហការយ៉ាងសកម្ម ការគាំទ្រទាំងបច្ចេកទេស និងធនធានទាំងឡាយក្នុងការបង្កើតផែនការនេះឡើងស្របតាមគោលការណ៍ណែនាំក៏ដូចជាស្ថានភាពនៃខេត្តស្ទឹងត្រែង ក្នុងគោលបំណង និងគោលដៅ ដើម្បីបម្រើដល់ការប្រតិបត្តិជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ននេះ នឹងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងធានាពង្រឹងគុណភាពក្នុងការឆ្លើយតបគ្រោះអាសន្នទឹកជំនន់ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សហការី


ចែករំលែក៖