ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហោះពី សេចក្តីប្រកាសព័ត៌មាន ស្តីពី កម្ពុជា អង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា, នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោកស្រី Sandra Bernklau តំណាងតែងតាំងថ្មី អង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) ប្រចាំកម្ពុជា នៅទីស្តីការក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកឧបនាយករដ្ឋមន្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសី Sandra Bernklau និងអះអាងពីការប្ដេជ្ញាចិត្ត និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះលោកស្រី និង ក្រុមការងាររបស់លោកស្រីសម្រាប់កិច្ចការសំខាន់នៃ UNFPA ។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីប្រចាំប្រទេស (Country Programmes) និងផែនការសកម្មភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNFPA ប្រចាំកម្ពុជា ដែល បានរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា … និងបានថ្លែង អំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ UNFPA លើកិច្ចការផែនការគ្រួសារ ការអប់រំផ្នែកសុខភាពបន្តពូជ និងការកាត់បន្ថយហិង្សាប្រឆាំងស្ត្រី ជាពិសេសក្នុងការផ្ដល់ជំនួយដល់ស្រ្តី និងយុវតី ដែលងាយរងគ្រោះ ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរាល់ការគាំទ្រ និង ជំនួយនានា ដែលបានផ្តល់ដោយ UNFPA ប្រចាំកម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយអត្រាមរណៈ មាតាជិត ២/៣ ដែលនេះជា សមិទ្ធផលដ៏ធំមួយ ដែលមានតែ ៩ ប្រទេសប៉ុណ្ណោះ រួមទាំងកម្ពុជាផង បានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ក្នុងការកាត់បន្ថយអត្រាមរណៈមាតាយ៉ាងហោច ណាស់ ៧៥% ក្នុងរវាងឆ្នាំ១៩៩០ និង២០១៥ ។
លោកស្រី Sandra Bernklau បានកោតសរសើរចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការប្តេជ្ញា ចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការសម្រេចឱ្យបាននូវគោលដៅ – ៣សូន្យ ត្រឹមឆ្នាំ២០៣០» (គ្មានហិង្សា ឬការធ្វើបាបស្រ្តីនិង កុមារី គ្មានឧបសគ្គចំពោះតម្រូវការពន្យារកំណើត និងគ្មានមរណៈមាតាដែលអាចបង្ការបាន) ។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះការណែនាំទម្រង់ទិសនឹងគំនិត ផ្តួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការបង្កើតគណៈកម្មាធិការពិសេសតាមដានការអនុវត្ត កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍ លោកស្រីបានរំពឹងទុកថា វត្តមាន និងបទពិសោធន៍របស់លោកស្រីនឹងអាចពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និង UNFPA។
លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី Sandra Bernklau បានសម្តែងការពេញចិត្តចំពោះកិច្ច សហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង UNFPA ក៏ដូចជាការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អបន្ថែមទៀត៕
ដោយ ៖ សុខ ខេមរា