ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឆ្មក់បង្ក្រាបទីតាំងហាងអាហារដ្ឋានខារ៉ាអូខេ យីហោ «ផ្ទះមេKTV» មួយកន្លែងដែលលួចបង្កប់បម្រើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនមនុស្សជាច្រើននាក់។
យោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបានពីសមត្ថកិច្ចខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២២នេះបានឱ្យដឹងថា កាលពីព្រលប់ថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២២ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឆ្មក់ចុះបង្ក្រាបទីតាំងហាងអាហារដ្ឋានខារ៉ាអូខេ យីហោ ផ្ទះមេKTV ដែលលួចបង្កប់បម្រើសេវាផ្លូវភេទស្ងាត់ៗ សូម្បីតែលោក សែម វុតឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹងបានត្រឹមតែចូលរួមចុះវត្តមានប៉ុណ្ណោះ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ការឆ្មក់បង្ក្រាបទីតាំងអាហារដ្ឋាន ខារ៉ាអូខេ យីហោ ផ្ទះមេKTV លួចបង្កប់សេវាផ្លូវភេទនេះ ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
យោងតាមកំណត់ហេតុបិទទីតាំងដែលអ្នកសារព័ត៌មានទទួលបាន គឺការចុះបង្ក្រាបទីតាំងអាហារដ្ឋានខារ៉ាអូខេ ខាងលើនេះដឹកនាំដោយ លោក ចក សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ លោកស្រីឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកស្រី មួន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនផងដែរ ។
ក្នុងកំណត់ហេតុបានឱ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ទៅសមត្ថកិច្ចថានៅក្នុងអាហារដ្ឋាខារ៉ាអូខេយីហោ (ផ្ទះមេKTV)មានលួចបង្កប់សេវាបម្រើផ្លូវភេទ និងមានក្មេងស្រីមិនទាន់គ្រប់អាយុមកបម្រើការងារក្នុងហាងនោះរួចមក លោក ចក សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះពិនិត្យនិងឆែកឆេរទីតាំងខាងលើដែលមានក្មេងស្រីមិនទាន់គ្រប់អាយុកំពុងបម្រើការងារនៅក្នុងហាងនិងមានបម្រើសេវាចេញទៅក្រៅរួមភេទជាមួយភ្ញៀវនៅផ្ទះសំណាក់ (មិនមានស្លាកយីហោ) ដែលស្ថិតនៅជិតហាង មេKTVនោះ។
ប្រភពបានបង្ហើបឱ្យដឹងទៀតថាការណ៍ដែលមានបើកឱ្យនារីក្មេងៗមិនទាន់គ្រប់អាយុទៅរួមភេទជាមួយភ្ញៀវនោះគឺមានការរៀបចំជាកញ្ចប់របស់ថៅកែនិងមេការ ដោយភ្ញៀវត្រូវចំណាយប្រាក់ចំនួន ៨០ដុល្លារអាមេរិក ក្នុងនោះឱ្យមេការចាត់ចែងថ្លៃផ្ទះសំណាក់ចំនួន១០ដុល្លារអាមេរិក, ឱ្យថៅកែហាងផ្ទះមេKTV ចំនួន១០ដុល្លារអាមេរិក និងឱ្យមេការចំនួន១០ដុល្លារអាមេរិក ហើយប្រាក់ដែលនៅសល់ពីការចាត់ចែងនេះ មេការឱ្យទៅនារីដែលបម្រើសេវាផ្លូវភេទ។ ក្រោយពីបានពិនិត្យនិងឆែកឆេរទីតាំងខាងលើចប់សព្វគ្រប់ហើយ លោកព្រះរាជអាជ្ញារងក៏សម្រេចបិទទីតាំងហាងយីហោ ផ្ទះមេKTV ស្ថិតនៅភូមិទី៤ ឃុំបឹង ស្រុកភ្នំស្រុក ខេត្តកំពង់ស្ពឺ ជាបណ្តោះអាសន្ន រង់ចាំការសម្រេចតាមនីតិវិធីច្បាប់។
សមត្ថកិច្ចមិនទាន់បានបង្ហាញពីចំនួនមនុស្សដែលឃាត់ខ្លួននោះនៅឡើយទេ ប៉ុន្តែបានដឹកតាមរថយន្តយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋបានសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តចុះសេុីបអង្កេតទីតាំងហាងខារ៉ាអូខេ( KTV )ជាច្រើនកន្លែងធំៗទៀត ដែលបើកខារ៉ាអូខេ ហើយមានផ្ទះសំណាក់នៅជាប់ជិតជាមួយគ្នា ដែលមិនដឹងថាមានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬក៏យ៉ាងនោះទេ៕
ដោយ៖ចន្ទ លីហ្សា