ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួន​មុខសញ្ញាចោរឆក់ម្នាក់​ ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​នៅព្រឹកថ្ងៃ​សៅរ៍​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន០៤នាក់​ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ បន្ទាប់ពី​កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានបន្ថែមទៀត ក្នុងករណីឆក់។ 

    ជនសង្ស័យឈ្មោះ ត្រាណេ សុចិន្តា ហៅ កូកូ ហៅ បារាំង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ២៣៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោង​តាមរបាយការណ៍របស់សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបញ្ជាក់ថា​ កម្លាំង​ជំនាញ​ កាលពីវេលាម៉ោង​ ២រសៀល​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ នៅចំណុចមុខផ្ទះបិតស្កុតម៉ូតូ ផ្លូវលេខ១០៧ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាបក្ខពួករបស់ជនសង្ស័យឈ្មោះ លិច សុវណ្ណាលុច ហៅ លុច និងឈ្មោះ ប៊ូ សុវណ្ណដាវីដ ហៅ វីដ ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២២។

 បច្ចុប្បន្នជនសង្ស័យខាងលើនេះ​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​០៣​ ខែកញ្ញា​នេះ​ កម្លាំងជំនាញការិយាល័យបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖