ខេត្តកណ្ដាល៖ តំណាងអយ្យការលោកស្រី ធាម ច័ន្ទពីលីការ បានសម្រេចចោទប្រកាន់ជនជាតិខ្មែរអ៊ិស្លាមម្នាក់និងម៉ាឡេស៊ីម្នាក់ពីបទឆបោក កាលពីល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាលឃាត់ខ្លួនជនត្រូវចោទទាំង២នាក់ខាងលើពាក់ព័ន្ធករណីឆបោកកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី នៅចំណុចភូមិ ព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
ប្រភពដែលគួរឱ្យទុកចិត្តបានបង្ហើបឱ្យដឹងថា ជនត្រូវចោទទាំង២នាក់ខាងលើ ១-ឈ្មោះ សា ហ្វារីស ភេទប្រុស អាយុ ២៤ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរអ៊ិស្លាម មុខរបរបុគ្គលិកផ្នែកបកប្រែភាសា មានទីលំនៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម, ២-ឈ្មោះ NA BOON GUAN ភេទប្រុស អាយុ ៤១ឆ្នាំ សញ្ជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ មានទីលំនៅ (មិនស្គាល់) កាន់លិខិតឆ្លងដែន លេខ A54654517 ត្រូវបានតំណាងអយ្យការលោកស្រី ធាម ច័ន្ទពីលីការ សម្រេចចោទពីបទឆបោក រួចប្រគល់ជនត្រូវចោទទាំងនាក់ទៅចៅក្រម សេុីបសួរ ហុង ម៉ារីនិច បន្តនីតិវិធីនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ទៀត។
មហាជនចាំមើលជនឆបោកទាំង២នាក់ខាងលើតើអាចរួចផុតពីការឃុំខ្លួនដែរឬទេ? ព្រោះមានអ្នករត់ការដោយអះអាងថា ពេលដល់ដំណាក់កាលចៅក្រមស៊ើបសួរ ជនឆបោកទាំង២នាក់ខាងលើនឹងបានរួចផុតពីសំណាញ់ច្បាប់។
គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី ២៩/៨/២០២២ វេលាម៉ោង១៤:០០នាទី មានមនុស្សស្រីមិនស្គាល់ឈ្មោះបានទូរស័ព្ទមកសួរជនរងគ្រោះថា ត្រូវការខ្ចីប្រាក់ទេ ? បើត្រូវការខ្ចីប្រាក់គេឱ្យបុគ្គលិកចុះទៅធ្វើឯកសារដល់ផ្ទះ ហើយស្ត្រីនោះអះអាងថាខ្លួនខលមកពីក្រុមហ៊ុន ដាយមិន ៥៥ បន្ទាប់មកក៏សួរអាសយដ្ឋានរបស់ជនរងគ្រោះ។ លុះមកដល់ថ្ងៃទី ៣០/៨/២០២២ វេលាម៉ោង ១០:០០នាទី ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូមកដល់ផ្ទះជនរងគ្រោះ និងបានចរចារឿងខ្ចីប្រាក់ជាមួយជនរងគ្រោះ ដោយជនសង្ស័យទាំងពីរនាក់បានប្រាប់ជនរងគ្រោះថា ក្រុមហ៊ុនបានអនុញ្ញាតឱ្យជនរងគ្រោះខ្ចីប្រាក់ចំនួន ២០,០០០$ តែថ្ងៃនេះក្រុមហ៊ុនឱ្យខ្ចីតែ៣,០០០$សិន និងនិយាយបន្ថែមថា បើសិនជាក្នុងរយៈពេល ៥ថ្ងៃ ជនរងគ្រោះវេរលុយសងក្រុមហ៊ុនអស់ ក្រុមហ៊ុននឹងទម្លាក់លុយឱ្យខ្ចីចំនួន២០,០០០$ ហើយ ១០,០០០$នេះក្រុមហ៊ុនយកការប្រាក់តែ ៥០$ទេក្នុងមួយខែ។ បន្ទាប់មកក៏ធ្វើកិច្ចសន្យាខ្ចី ហើយជនរងគ្រោះបានផ្ដិតមេដៃ តែពេលធ្វើកិច្ចសន្យារួច ជនសង្ស័យបានឱ្យប្រាក់ទៅជនរងគ្រោះខ្ចីតែចំនួន១,៥៥០$ ទេ ហើយបង្គាប់ឱ្យជនរងគ្រោះបង់ប្រាក់ឱ្យក្រុមហ៊ុនរយ:ពេល៥ថ្ងៃឱ្យគ្រប់ចំនួន៣,០០០$ ។
នៅក្នុងហេតុការណ៍ឃាត់ជនសង្ស័យខាងលើកម្លាំងនគរបាលស្រុកខ្សាច់កណ្តាលបានដកហូតវត្ថុតាងរួមមាន ៖ ប្រាក់ដុល្លារចំនួន ៩៥០$, ម៉ូតូ០១គ្រឿង ម៉ាក SUZUKI VIVA ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JG-6131, ទូរស័ព្ទ០៤គ្រឿង ម៉ាក OPPO Reno 7Z ពណ៌ទឹកប្រាក់ចំនួន ០១គ្រឿង, ម៉ាក OPPO A3s ពណ៌ខៀវ ចំនួន០១គ្រឿង, ម៉ាក iphone12 ពណ៌ ខ្មៅចំនួន០១គ្រឿង, ម៉ាក Nokia ពណ៌ ខៀវចំនួន០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក, កាតធនាគារ ចំនួន០៣សន្លឹក គឺធនាគារ RHB Bank ចំនួន០១សន្លឹក, ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណាចំនួន០១សន្លឹក, ធនាគារ វីង ចំនួន ០១សន្លឹក និងកាតាបស្ពាយក្រោយចំនួន ០២។
ចំណែកជនរងគ្រោះម្នាក់មានឈ្មោះ កុយ ប៉ោសុង ហៅ ឡូត ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រះប្រសប់ឃុំព្រះប្រសប់ស្រុកខ្សាច់កណ្តាលខេត្តកណ្ដាល ៕
ដោយ៖ ស្អាងជ័យ