សេតវិមានអាមេរិកបានស្នើសភាអនុម័តទឹកប្រាក់បន្ថែម២៦ពាន់លានដុល្លារដើម្បីបំពេញតម្រូវការរយៈពេលខ្លី ក្នុងនោះមានការធ្វើតេស្ត ស្រាវជ្រាវ និងផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ក៏ដូចជាជំងឺអុតស្វា ។
តាមគម្រោង ទឹកប្រាក់ជាង២២ពាន់លានដុល្លារសម្រាប់មូលនិធិទប់ស្កាត់កូវីដ-១៩ និងទឹកប្រាក់៣,៩ពាន់លានដុល្លារសម្រាប់ទប់ស្កាត់ជំងឺអុតស្វា ។ មន្ត្រីក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិនបានបញ្ជាក់ថា ប្រសិនបើមិនមានប្រាក់ចំណាយបន្ថែមនោះទេ នឹងពិបាកក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏ដូចជាអុតស្វា។
តាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃចន្ទទី៥ ខែកញ្ញា ឆ្នាំ២០២២នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មនុស្ស ៨,៤៥៥នាក់ទៀតបានឆ្លងជំងឺកូវីដ-១៩ ខណៈដែលអ្នកជំងឺ ១០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លងជំងឺកូវីដ-១៩សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩៦,៦២៦,៣៣៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៧២,៩៤៦នាក់ និងជាសះស្បើយឡើងវិញសរុប ៩២.៤៩លាននាក់។
សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង៣៣២លាននាក់។
នៅពេលនេះដែរករណីឆ្លងជំងឺអុតស្វានៅអាមេរិកគឺខ្ពស់ជាងគេបង្អស់នៅលើពិភពលោក ហើយជំងឺអុតស្វាបានឆ្លងរាលដាលដល់៥០រដ្ឋទូទាំងប្រទេស៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN