នៅក្នុងការបោះឆ្នោតចុងក្រោយបង្អស់ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បាននាំមុខ លើរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Rishi Sunak ក្លាយជានាយករដ្ឋមន្ត្រីជំនួសតំណែងលោក Boris johnson ។
លទ្ធផលបោះឆ្នោតនោះ លោកស្រី Liz Truss ទទួលបានជាង៨១ពាន់សំឡេងគាំទ្រ ស្មើនឹង ៥៧,៤% ចំណែកលោក Rishi Sunak ទទួលបានតែ៦០ពាន់សំឡេងគាំទ្រ ស្មើនឹង៤២,៦% តែប៉ុណ្ណោះ។ ជ័យជម្នះនេះមិនបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងនោះឡើយ ដោយសារតែមានការស្ទង់មតិកន្លងមក គឺលោកស្រី Liz Truss បាននាំមុខលើលោក Rishi Sunak ជានិច្ច។
ប្រវត្តិខ្លះរបស់នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស លោកស្រី Liz Truss ជំនួសលោកបូរីស ចនសុន ដែលបានលាលែងចេញពីតំណែងកាលពីខែកក្កដាកន្លងទៅ។ ឈ្មោះពេញរបស់លោកស្រី គឺ Mary Elizabeth Truss ( Liz Truss)។ លោកស្រីកើតនៅឆ្នាំ១៩៧៥ ក្នុងទីក្រុង Oxford ដោយមានឪពុកជាសាស្ត្រាចារ្យគណិតវិទ្យា និងម្ដាយជាគិលានុបដ្ឋាយិកា។ លោកស្រីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oxford University និងធ្លាប់ជា
និសិ្សតម្នាក់ដែលសកម្មយ៉ាងខ្លាំងខាងនយោបាយ។
នៅក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ លោកស្រី Truss បានបម្រើការងារជាគណនេយ្យករនៅឯក្រុមហ៊ុនប្រេង Shell និងក្រុមហ៊ុនទូរគមនាគមន៍ Cable & Wireless។ លោកស្រីបានរៀបការជាមួយគណនេយ្យករ លោក Hugh O’Leary នៅឆ្នាំ២០០០ និងមានចំណងដៃកូន២នាក់។
លោកស្រី Truss ចាប់ផ្ដើមឈានជើងចូលឆាកនយោបាយដំបូងដោយឈរឈ្មោះជាបេក្ខជនមកពីគណបក្សអភិរក្សនិយមសម្រាប់ទីក្រុង Hemsworth នៃតំបន់ West Yorkshire នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០០១។
ប៉ុន្តែលោកស្រីទទួលបរាជ័យ ហើយទទួលបរាជ័យម្ដងទៀតនៅឆ្នាំ២០០៥។ លោកស្រី Truss មិនបានបោះបង់ចោលមហិច្ឆតារបស់ខ្លួនឡើយ រហូតដល់ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុង Greenwich នៅឆ្នាំ២០០៦ ហើយចាប់ពីឆ្នាំ២០០៨ លោកស្រីបានបម្រើការងារឱ្យវិទ្យាស្ថានសិក្សាស្រាវជ្រាវ Reform។ នៅឆ្នាំ២០១០ ទើបលោកស្រីជាប់ឆ្នោត ជាសមាជិកសភាអង់គ្លេស និងនៅឆ្នាំ២០១៤ លោកស្រីបានកាន់តំណែងជារដ្ឋមន្ត្រីចំនួន៦ដងនៅក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី៣នាក់ គឺលោក ដាវីដ កាម៉េរុន (David Cameron) លោកស្រី Theresa May និងលោក Boris Johnson។
លោកស្រី Liz Truss បានចាប់ផ្ដើមកាន់តំណែងជារដ្ឋមន្ត្រីលើកដំបូងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរិស្ថាន ស្បៀងអាហារ និងជនបទ នៅក្រោមរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron និងនៅឆ្នាំ២០២១ លោកស្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសអង់គ្លេសរបស់លោក បូរីស ចនសុន៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN
រូបថត ៖ Alamy