ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ខេត្ត​កំពង់ធំ​៖ កងទ័ព​ក្រៅ​ពី​ភារកិច្ច​ស្នូល​ក្នង​ការ​ការពារ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ត្រូវទៅ​បម្រើ​ប្រជាជន​ និង​បងប្អូន​អតីត​យុទ្ធ​ជន​ នៅ​តាម​មូលដ្ឋាន​

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ លោកឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ និងជាប្រធាន​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ ខេត្ត​កកំពង់ធំ បានលើកឡើងថា កងទ័ព​ក្រៅ​ពី​ភារកិច្ច​ស្នូល​ក្នង​ការ​ការពារ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ត្រូវទៅ​បម្រើ​ប្រជាជន​ និង​បងប្អូន​អតីត​យុទ្ធ​ជន​ នៅ​តាម​មូលដ្ឋាននានា​ក្នុង​ភូមិ​សាស្ត្រ​ដែល​អង្គភាព​ទទួល​ខុសត្រូវ​ ដោយ​អស់​ពី​ចិត្ត​ ពី​ថថ្លើម។ ប្រសាសន៍​នេះ​ត្រូវ​បាន​លេីក​ឡេីង​នៅ​ក្នុង​កិច្ច​ប្រជុំក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្ត្រួតពិនិត្យលទ្ធផល​ការ​ងារ​រយៈពេល​ ៩​ខែ​ ឆ្នាំ​២០២២​ និង​ដាក់​ចេញ​នូវ​ទិសដៅ​អនុវត្តន៍​បន្ត​ នៅព្រឹកថ្ងៃ៦ ខែកញ្ញា ឆ្នាំ២០២២។

 ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះក្រុមលេខាធិការដ្ឋាននៃគណ:​កម្មាធិការ​សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមនិងថ្នាក់ដឹកនាំ​គណៈកម្មាធិការសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់មូលដ្ឋាន បានខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនឿយហត់ក្នុងការបម្រើនិងជួយដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយេីងនៅតាម​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​កំពង់​ធំ​ ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តមានជាអាទិ៍ ទី១៖ ត្រូវ​បន្ត​សហការជាមួយស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដី​ គ្រប់គ្រងដីសម្បទានសង្គមកិច្ចសម្រាប់ត្រៀមផ្តល់ជូនអតីតយុទ្ធជនរបស់យើង ដែលគ្មានផ្ទះគ្មានដី តាមប្រសាសន៍ណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។  

ទី២៖ត្រួតពិនិត្យជាក់ស្ដែង ក្រុមគ្រួសារអតីតយុទ្ធជនដែលរស់នៅតាមមូលដ្ឋាន ដែលមានដីតែពុំមានជម្រកស្នាក់នៅសមរម្យពិតប្រាកដ ដើម្បីបន្តសាងសង់ផ្ទះជូនគាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ 

ទី៣៖បន្តធ្វើរបាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  អំពីស្ថានភាពជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីសុំបន្តការគាំទ្រពីស្ថាប័នអង្គភាពសម្ព័ន្ធមេត្រីភាព រវាងក្រុមគ្រួសារអតីតយុទ្ធជន និងរដ្ឋបាលក្រុង-ស្រុក បណ្តាមន្ទីរអង្គភាព ស្ថាប័ននានាដែលចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូន ។

និងទី៤៖ រៀបចំ​ឯកសារ​ស្នើសុំសេចក្ដីសម្រេចពីថ្នាក់លើ ដើម្បីតែងតាំងអភិបាលក្រុង-ស្រុក និង​អង្គភាព ដែលបានកែសម្រួលមុខតំណែងថ្មីជាអនុប្រធាន​ សអក​ខេត្ត​ និង​ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន បណ្តា​ក្រុង-ស្រុក នីមួយៗ​ ឡើងវិញ៕

ដោយ​៖សហការី​


ចែករំលែក៖