ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលបង្រ្កាប​និងឃាត់ខ្លួនស្រ្តីម្នាក់​រួមនឹង​ថ្នាំញៀន(​យ៉ាម៉ា WY) ចំនួន ១៥០គ្រាប់ នៅស្រុកសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹកថ្ងៃ​ពុធ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​បានឱ្យដឹងថា​ ស្រ្តី​ម្នាក់​ដែល​ជាមុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នៅស្រុកសំពៅលូន​ត្រូវ​បានកម្លាំងនគរបាលស្រុក​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​និងឃាត់ខ្លួន​រួមជាមួយវត្ថុតាង​ជាក់ស្ដែង​។ 

   របាយការណ៍​ដដែល​បន្តថា​ ប្រតិបត្តិការនោះ​បានធ្វេីឡេីង​កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

   ជនសង្ស័យឈ្មោះ ញ៉ាន សុឃួន ហៅ ង៉ិ ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

    ប្រភពដដែលបន្តថា​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលសំពៅលូនបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនចុះល្បាតក្នុងភូមិសាស្ត្រខាងលើ ហើយបានធ្វើការបង្រ្កាប​និងឃាត់ខ្លួន​ស្រ្តី​ម្នាក់​ក្នុងករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច​កេីតហេតុខាងលេី។

    វត្ថុតាងដកហូតរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន១៥០គ្រាប់ ទម្ងន់ ១៥,០៣ក្រាម

-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់) ។

    បច្ចុប្បន្នជនសង័្សយរួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖